ហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រោងចក្រផលិតអាគុយឡានអគ្គិសនីដំបូងបង្អស់នៅក្នុងប្រទេស នឹងចាប់ផ្តើមបើកដំណើរការនៅក្នុងខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន The Star នៅថ្ងៃទី០៥ ឧសភា ២០២៤។

ថ្លែងនៅឯពិព័រណ៍ឡានអគ្គិសនី នៃសមាគមឧស្សាហកម្មរថយន្តអគ្គិសនីឥណ្ឌូនេស៊ី ឬ Periklindo Electric Vehicle Show ឆ្នាំ ២០២៤ កាលពីសប្តាហ៍មុន លោក វីដូដូ បានសង្កត់ធ្ងន់ថា ប្រតិបត្តិការរបស់រោងចក្របង្ហាញសញ្ញាថា ប្រព័ន្ធអេកូរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថានក្នុងស្រុក កំពុងចាប់ផ្តើមបង្កើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

រោងចក្រផលិតអាគុយឡានអគ្គិសនីនេះនៅឥណ្ឌូនេស៊ី ត្រូវបានគេដឹងថា ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន PT Hyundai LG Industry (HLI) Green Power មានទីតាំងនៅទីក្រុងខារ៉ាវ៉ាង រដ្ឋជ្វាខាងលិច ដែលមានសមត្ថភាពផលិតថាមពលអតិបរមារហូតដល់ ១០ជីហ្គាវ៉ាត់ (GW) ក្នុងមួយម៉ោង និងមានសមត្ថភាពផលិតអាគុយបានរហូតដល់ ៣២.៦លានគ្រឿង។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាននិយាយថា បច្ចុប្បន្នប្រទេសរបស់គាត់មានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចំនួន ៥៩ ហើយថា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន ឥណ្ឌូនេស៊ីក៏អាចផលិតម៉ូតូអគ្គិសនីបានរហូតដល់ ១.៦លានគ្រឿងក្នុងមួយឆ្នាំ។ បច្ចុប្បន្នការផលិតម៉ូតូអគ្គិសនីថ្មីមានចំនួន ១០០,០០០គ្រឿង (១០ម៉ឺនគ្រឿង) ដូច្នេះឥណ្ឌូនេស៊ីកំពុងក្លាយជាទីតាំងដ៏មានសក្តានុពលម្រាប់អភិវឌ្ឍឧស្សាហកម្មនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ