មនុស្ស ៧លាននាក់ខ្វះអាហារធ្ងន់ធ្ងរ ក្នុងបីប្រទេសគ្រប់គ្រងដោយយោធា
អន្តរជាតិ៖ គណៈកម្មាធិការសង្គ្រោះអន្តរជាតិ របស់សហរដ្ឋអាមេរិក ហៅកាត់ IRC បានអះអាងថា ចំនួនមនុស្សខ្វះអាហារធ្ងន់ធ្ងរ ក្នុងសម្ព័ន្ធរដ្ឋអាហ្វ្រិក Sahel ដែលត្រូវបានគ្រប់គ្រងដោយយោធា បានកើនពីចំនួន ៥លាន ៤សែននាក់ កាលពីឆ្នាំ២០២៣ ដល់ ចំនួន៧លាន ៥សែននាក់ នៅពេលនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី០៥ ឧសភា ២០២៤។
ប្រទេស បួគីណា ហ្វាសូ (Burkina Faso), Mali និង នីហ្សេ (Niger) កាលពីខែកញ្ញា បានបណ្តេញកងទ័ពបារាំងចេញពីប្រទេសរបស់ខ្លួន ខណៈបារាំងធ្លាប់ជាអតីតមេដឹកនាំអាណានិគម ហើយសម្ព័ន្ធនេះបានបង្កើត កតិកាសញ្ញាការពារ ទៅវិញទៅមក ដោយងាកទៅរកប្រទេសរុស្ស៊ី កាន់តែខ្លាំងឡើង។ សម្ព័ន្ធរដ្ឋ Sahel ទាំងបីប្រទេសនេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមទណ្ឌកម្មសេដ្ឋកិច្ចក្នុងតំបន់ បន្ទាប់ពីមានរដ្ឋប្រហារ កាលពីខែកក្កដា។
សម្ព័ន្ធរដ្ឋ Sahel មានប្រជាជនសរុប ប្រហែល៧០លាននាក់ ដែលកំពុងប្រយុទ្ធតទល់នឹងក្រុមសកម្មប្រយុទ្ធ ជីហាដ។ IRC បានអះអាងថា ស្ថានភាពអាចនឹងកាន់តែអាក្រក់ ហើយអាចរាលដាល ដល់ប្រទេស ក្បែរៗខាង ដូចជា កាមេរូន ឆាដ និងនីហ្សេរីយ៉ា បន្ថែមទៀត នៅត្រីមាសទី២ នៃឆ្នាំ២០២៤។
លោក Modou Diaw អនុប្រធាន IRC ប្រចាំតំបន់អាហ្វ្រិកខាងលិច បាននិយាយថា ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ នៅអាហ្រ្វិកខាងលិច និងកណ្តាល អសន្តិសុខស្បៀងកាន់តែអាក្រក់ទៅៗ នឹងបានជំរុញឲ្យយុវជន ទាំងប្រុស ទាំងស្រី ធ្វើចំណាកស្រុក ជាបន្តបន្ទាប់៕