អូស្រ្តាលីថា នឹងដាក់ពង្រាយកងទ័ព និងយន្តហោះយោធានៅមជ្ឈិបូព៌ា បើសិនសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសកាន់តែឡើងកម្តៅ
កង់បេរ៉ា៖ ប្រទេសអូស្រ្តាលី បាននិយាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា ខ្លួននឹងដាក់ពង្រាយយន្តហោះយោធាពីរគ្រឿងបន្ថែមទៀត និងមន្រ្តីការពារជាតិក្នុងចំនួនដ៏ច្រើនទៅកាន់តំបន់មជ្ឈិបូព៌ា ដើម្បីជួយគាំទ្រពលរដ្ឋរបស់ខ្លួននៅទីនោះ បើសិនសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសកាន់តែឡើងកម្តៅ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ២៦ តុលា ២០២៣។
រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយថា ប្រទេសអូស្រ្តាលីបានបញ្ជូនយន្តហោះប៊ូអ៊ីង C-17 និងយន្តហោះចាក់សាំងមានសមត្ថភាពផ្ទុកដឹកអ្នកដំណើរមួយគ្រឿង នាំឱ្យចំនួនយន្តហោះសរុបដែលអូស្រ្តាលីបញ្ជូនទៅមជ្ឈិបូព៌ាកើនដល់ ៣គ្រឿងហើយ។
ទោះបីជាយ៉ាងណា លោក Marles មិនបានបញ្ជាក់ពីចំនួនបុគ្គលិកសរុបដែលត្រូវបានដាក់ពង្រាយ និងទីតាំងដែលយន្តហោះត្រូវឈរជើងនោះទេ ដោយសារតែហេតុផលសន្តិសុខទេ ប៉ុន្តែបាននិយាយថា វានឹងមិនមានទីតាំងនៅក្នុងប្រទេសអ៊ីស្រាអែលឡើយ។ប្រមុខការពារជាតិអូស្រ្តាលីរូបនេះបានប្រាប់ទូរទស្សន៍ Channel 9 ថា ការសម្រេចចិត្តនេះ គឺជាកត្តាប្រឈមមួយ ហើយគោលបំណងរបស់វា គឺដើម្បីជួយដល់ប្រជាជនអូស្ត្រាលីដែលស្ថិតនៅតំបន់មជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា ចាប់តាំងពីជម្លោះបានកើតឡើង រដ្ឋាភិបាលអូស្រ្តាលីបានធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនជាច្រើនលើក ដែលជាប់គាំងក្នុងប្រទេសអ៊ីស្រាអែល។ បន្ថែមលើនេះ អូស្រ្តាលីក៏កំពុងព្យាយាមជួយសង្គ្រោះពលរដ្ឋខ្លួន ៧៩នាក់ចេញពីតំបន់ហ្កាហ្សាស្ទី្រប ដែលឡោមព័ទ្ធដោយអ៊ីស្រាអែល និង៥១នាក់ទៀតចេញពីតំបន់ West Bank ផងដែរ៕