តូក្យូ៖ សេចក្តីសម្រេចរបស់ប្រទេសជប៉ុន ក្នុងការដាក់បញ្ចូលរថយន្តមួយតឹក ទៅក្នុងបម្រាមហាមឃាត់នាំចេញទៅកាន់រុស្ស៊ី នឹងធ្វើឱ្យប្រទេសមួយនេះខាតបង់ប្រាក់ចំណូលជិត ២ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៤ តុលា ២០២៣។

ការហាមឃាត់ការលក់រថយន្តទៅកាន់ប្រទេសរុស្ស៊ី បានចូលជាធរមាននៅដើមខែសីហាកន្លងមកនេះ ដោយបានកាត់ផ្តាច់ប្រភពប្រាក់ចំណូលពីការលក់រថយន្តមួយតឹកសម្រាប់រថយន្ត Toyotas, Hondas និង Nissans របស់បណ្តាញឈ្មួញកណ្តាល និងកំពង់ផែតូចៗ។ ដើមឡើយ ជប៉ុនបានហាមឃាត់តែការនាំចេញរថយន្តប្រណីតទៅកាន់រុស្ស៊ីប៉ុណ្ណោះ នៅក្នុងខែមេសា ឆ្នាំ២០២២។ ប៉ុន្តែការហាមឃាត់បន្ថែមទៀតលើការលក់រថយន្តដឹកទំនិញធុនធ្ងន់ត្រូវបានដាក់បន្ថែមនៅក្នុងខែមិថុនា។ ជប៉ុនជាប្រទេសនាំចេញរថយន្តមួយតឹកដ៏លេចធ្លោជាយូរមកហើយ។

ដោយឡែក មុនពេលជាប់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេ ជុំវិញប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ការលក់រថយន្តមួយតឹកទៅឱ្យរុស្ស៊ីមានជាងមួយភាគបួន។

សូមបញ្ជាក់ថា តម្លៃជាមធ្យមសម្រាប់រថយន្តមួយតឹករបស់ជប៉ុន ត្រូវបានគេរាយការណ៍ថា ជិត ៨,២០០ដុល្លារក្នុងមួយគ្រឿងនៅឆ្នាំ ២០២២។ រថយន្តជប៉ុនជិត ១៥០,០០០គ្រឿងបានហូរចូលទីផ្សាររុស្ស៊ីក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹងពាក់កណ្តាលនៃការនាំចូលរថយន្តមួយតឹកសរុបរបស់ប្រទេសរុស្ស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ