ពលរដ្ឋមីយ៉ាន់ម៉ា ១៤,០០០នាក់ផ្លាស់ទីលំនៅ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់
ណៃពិដោ៖ មនុស្សប្រមាណ ១៤,០០០នាក់បានបង្ខំចិត្តផ្លាស់ទីលំនៅទៅកាន់ជម្រកមានសុវត្ថិភាពនៅទូទាំងតំបន់បាហ្គោ ភាគឦសាននៃមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងយ៉ាងហ្គន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១១ តុលា ២០២៣។
អាជ្ញាធរបានរាយការណ៍ថា ភ្លៀងធ្លាក់ក្នុងរយៈពេល ២៤ម៉ោង នៅក្នុងតំបន់បាហ្គោ ភាគឦសាននៃមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងយ៉ាងហ្គន ដែលជាកំណត់ត្រាថ្មីមួយសម្រាប់ខែតុលា ហើយភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូត។
អ្នកស្រុករស់នៅទីក្រុងបាហ្គោ បានប្រមែប្រមូលរបស់របរចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវបានទឹកជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ ហើយបើតាមអាជ្ញាធរក្នុងតំបន់ មនុស្សប្រមាណ ១៤,០០០នាក់បានផ្លាស់ទីលំនៅ។
រដូវវស្សាជាធម្មតាមានភ្លៀងធ្លាក់ខ្លាំងជាច្រើនខែទៅលើប្រទេសអាស៊ីអាគ្នេយ៍ ប៉ុន្តែអ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្ស កំពុងធ្វើឱ្យវិបត្តិអាកាសធាតុកាន់តែធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ទឹកជំនន់ក្នុងប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមនៅក្នុងខែកក្កដាឆ្នាំនេះ ហើយបានប៉ះពាល់ដល់រដ្ឋ និងតំបន់ចំនួន ៩ របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមានរដ្ឋរ៉ាក់ឃីន, កាឈីន, ការ៉ែន, ម៉ន និងឈិនជាដើម៕RT