ឥណ្ឌូណេស៊ីបិទរោងចក្រធំៗចំនួន៤ ដើម្បីកាត់បន្ថយការបំពុលខ្យល់អាកាស
ហ្សាការតា៖ ក្រសួងបរិស្ថាន និងព្រៃឈើឥណ្ឌូណេស៊ី បានចេញបញ្ជាឱ្យបិទប្រតិបត្តិការនៅក្នុងរោងចក្រចំនួន ៤ ដែលសកម្មក្នុងបំពុលខ្យល់អាកាសនៅតំបន់ Greater Jakarta។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Jakarta Post នៅថ្ងៃទី២៦ មិថុនា ២០២៣។
អគ្គនាយកផ្នែកច្បាប់របស់ក្រសួងបរិស្ថាន និងព្រៃឈើឥណ្ឌូណេស៊ី លោកបណ្ឌិត Rasio Ridho Sani បានប្រកាសពីការសម្រេចចិត្តចេញបទបញ្ជាឱ្យរោងចក្រទាំង ៤ បញ្ឈប់ប្រតិបត្តិការភ្លាមៗ។
រោងចក្រទាំង ៤នេះ មានដូចជា Wahana Sumber Rezeki និង Unitama Makmur Persada មានទីតាំងស្ថិតនៅក្នុងទីក្រុង Marunda និងNorth Jakarta ខណៈដែលរោងចក្រ Maju Bersama Sejahtera នៅទីក្រុង Cakung ខេត្ត East Jakarta និងរោងចក្រ Pindo Deli 3 នៅទីក្រុង Karajan ខេត្តWest Java។
លោកបណ្ឌិត Rasio បាននិយាយថា ការសម្រេចចិត្តខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថាន និងព្រៃឈើឥណ្ឌូណេស៊ី បានចាប់ផ្តើមការស៊ើបអង្កេតលើផលប៉ះពាល់នៃសកម្មភាពឧស្សាហកម្ម លើការបំពុលខ្យល់អាកាសកាន់តែអាក្រក់នៅក្នុងតំបន់ Greater Jakarta។
សូមរម្លឹកថា រដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូណេស៊ីជាប់ឈ្មោះជាទីក្រុងដែលរងការបំពុលបរិស្ថានខ្លាំងបំផុតនៅលើពិភពលោក។ ចាប់តាំងពីខែឧសភាមក ហ្សាការតាស្ថិតនៅលំដាប់កំពូលនៃទីក្រុងកខ្វក់ជាងគេទាំង១០ នេះបើតាមក្រុមហ៊ុន IQAir ជាក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសស្វីស ដែលសិក្សាស្រាវជ្រាវអំពីគុណភាពខ្យល់៕