ហាវ៉ៃ ៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ដែលបានលេបត្របាក់ទីក្រុងរីសត ឡាហៃណា (Lahaina) លើកោះម៉ាវអ៉ី (Maui) បានកើនឡើងដល់៦៧នាក់ហើយ ខណៈតួលេខត្រូវរំពឹងថា នឹងបន្តកើនខ្ពស់ជាងនេះថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ មិថុនា ២០២៣។

ភ្លើងឆេះព្រៃខាងលើ ដែលបានចាប់ផ្តើមដំបូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបំផ្លាញសំណង់អគារសរុបលើស១,០០០ខ្នង និងបន្សល់ទុកឱ្យមនុស្សរាប់ពាន់នាក់ បាត់បង់ទីជម្រក ខណៈអាជ្ញាធរបានចាត់ទុក វាជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តនៃរដ្ឋហាវ៉ៃ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅកោះ Maui គឺជាភ្លើងឆេះព្រៃចុងក្រោយគេ ដែលបានកើតឡើងអំលុងរដូវក្តៅឆ្នាំនេះ នៅជុំវិញពិភពលោក។ ភ្លើងឆេះព្រៃនាពេលកន្លងទៅថ្មីៗនេះ ដែលបង្កឡើងដោយសីតុណ្ហភាពខ្ពស់បំបែកកំណត់ត្រា បានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់សិបម៉ឺននាក់ នៅតាមប្រទេសដូចជា អេស៉្បាញ ក្រិក ព័រទុយហ្កាល់ និងផ្នែកដទៃៗទៀតនៃទ្វីបអឺរ៉ុប ហើយតំបន់ភាគខាងលិចនៃប្រទេសកាណាដា ជាដើម។

យ៉ាងណាមិញ រដ្ឋបាលកោះ Maui បានចេញសេចក្តីថ្លែងការណ៍ថា គិតត្រឹមម៉ោង១រសៀលថ្ងៃសុក្រ កិច្ចប្រឹងប្រែងពន្លត់អគ្គិភ័យកំពុងបន្តប្រព្រឹត្តទៅ ខណៈមានការបញ្ជាក់ពីចំនួនមនុស្សស្លាប់១២នាក់ទៀត ប្រការនេះធ្វើឱ្យតួលេខអ្នកស្លាប់សរុបកើនដល់៦៧នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ