អាមេរិក នឹងបញ្ជូនក្រុមនាវា វាយប្រហារទៅភាគខាងកើតមេឌីទែរ៉ាណេ ដើម្បីគាំទ្រអ៊ីស្រាអែល
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា លោកបានបញ្ជាឲ្យនាវាវាយប្រហារផ្ទុកយន្តហោះ USS Gerald R. Ford ធ្វើដំណើរទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត។ នាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលជានាវាផ្ទុកយន្តហោះទំនើបបំផុតរបស់កងទ័ពជើងទឹកអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The China morning Post នៅថ្ងៃ០៩ តុលា ២០២៣។
កងទ័ពប្រហែល 5 000 នាក់ នឹងត្រូវអមដំណើរជាមួយនាវាចម្បាំង និងនាវាពិឃាតនេះ ដែលពេលនេះអាមេរិកចង់បង្ហាញពីកម្លាំង ត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងអ្វីៗទាំងអស់ ដែលអាចធ្វើទៅបានដើម្បីគាំទ្រអ៊ីស្រាអែល។ នាវាមានផ្ទុកប្រព័ន្ធស្ទាក់ចាប់មីស៊ីលបន្ថែម និង ធ្វើការតាម ដានប្រភពនៃបាញ់ផ្លោង ព្រមទាំងរួមបញ្ចូលទាំងនាវា និងយន្តហោះចម្បាំងជាច្រើនផងដែរ។ អាមេរិកលើកនេះបានដាក់ពង្រាយកងទ័ពដ៏ធំ បញ្ជាក់ពីការព្រួយបារម្ភ ដែលសហរដ្ឋអាមេរិក មានបំណងព្យាយាមរារាំងជម្លោះមិនឱ្យកើនឡើង។
សូមបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មានជនជាតិអាមេរិក ១១នាក់ ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមអ្នកស្លាប់ និងបាត់ខ្លួនក្នុងការវាយប្រហារ ដោយក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្សជាង ១.០០០នាក់ ស្លាប់ទាំងសងខាង៕