ព្រុចសែល៖ រដ្ឋាភិបាលអាមេរិកសម្រេចផ្អាកផ្តល់ជំនួយដល់អ៊ុយក្រែនសិន បន្ទាប់ពីមូលនិធិយោធាបន្ថែមទៀតត្រូវបានដកចេញពីកិច្ចព្រមព្រៀងកញ្ចប់ថវិកាសភា ប៉ុន្តែលោក ចូ បៃដិន បានប្តេជ្ញាថា សហរដ្ឋអាមេរិកមិនទុកអ៊ុយក្រែនចោលឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០២ តុលា ២០២៣។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា រូបលោកមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីជំនួយអ៊ុយក្រែនត្រូវបានទម្លាក់ចេញពីកិច្ចព្រមព្រៀងរបស់សភាអាមេរិក ដើម្បីជៀសវាងការបិទរដ្ឋាភិបាល។

លោក Borrell បានបញ្ជាក់នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងកៀវ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែនយ៉ាងដូច្នេះថា ខ្ញុំមានក្តីសង្ឃឹមថា នេះមិនមែនជាការសម្រេចចិត្តច្បាស់លាស់ទេ ហើយអ៊ុយក្រែននឹងបន្តទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។

លោក Borrell បានគូសបញ្ជាក់ថា ការគាំទ្រផ្នែកយោធារបស់យើងចំពោះអ៊ុយក្រែនបានឈានដល់ ២៥ពាន់លានអឺរ៉ូ។ ហើយសរុបមក ជំនួយមនុស្សធម៌ផ្នែកយោធាបានឈានដល់ ៨៥ពាន់លានអឺរ៉ូ ដែលរួមគ្នា រវាងស្ថាប័នអឺរ៉ុប និងរដ្ឋជាសមាជិក គឺជាចំនួនខ្ពស់បំផុតក្នុងពិភពលោក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ