សហរដ្ឋអាមេរិកកំពុងចរចាលើកិច្ចព្រមព្រៀងទិញលក់យន្តហោះ F-16 ជាមួយវៀតណាម
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងវៀតណាមកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ដើម្បីទិញលក់យន្តហោះចម្បាំង F-16 ផលិតដោយអាមេរិកទៅឱ្យទីក្រុងហាណូយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២៥ កញ្ញា ២០២៣។
ការចរចាលើកិច្ចព្រមព្រៀងទិញលក់យន្តហោះចម្បាំង F-16 ដែលនៅតែស្ថិតក្នុង “ដំណាក់កាលដំបូង” ត្រូវបានគេរាយការណ៍ថា ជា “ប្រធានបទសំខាន់” នៃកិច្ចពិភាក្សារវាងមន្ត្រីមកពីភាគីទាំងពីរ (អាមេរិក-វៀតណាម) ក្នុងរយៈពេលមួយខែកន្លងទៅ នៅទីក្រុងវ៉ាស៊ីនតោន។
ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងខាងលើនេះ កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយសារតែមានលក្ខខណ្ឌមួយចំនួនមិនទាន់មានការឯកភាពគ្នានៅឡើយ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមបានចាប់ផ្តើមប្រក្រតីឡើងវិញក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានលុបចោលការហ៊ុមព័ទ្ធការរឹតត្បិតក្នុងរយៈពេល ១៩ឆ្នាំកន្លងមកនេះ៕