លោក ចូ បៃដិន ៖ ការប្រែប្រួលអាកាសធាតុបង្កការគំរាមកំហែង ខ្លាំងជាងសង្គ្រាមនុយក្លេអ៊ែរ
ហាណូយ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការគំរាមកំហែងតែមួយគត់ដល់ស្ថេរភាពរបស់មនុស្សជាតិ គឺមិនមែនសង្គ្រាមនុយក្លេអ៊ែរនោះទេ នោះគឺការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី១២ កញ្ញា ២០២៣។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយ ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ ប្រទេសវៀតណាមថា ការគំរាមកំហែងមានតែមួយគត់ដែលមនុស្សជាតិប្រឈមមុខ ហើយគួរឱ្យភ័យខ្លាចជាងសង្គ្រាមនុយក្លេអ៊ែរ នោះគឺការឡើងកំដៅភពផែនដី។
លោក បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងមានបញ្ហាពិតប្រាកដ ប្រសិនបើនៅក្នុងទសវត្សរ៍ក្រោយ ឬពីរទសវត្សរ៍ខាងមុខ កំដៅផែនដីកើនឡើងលើសពីសីតុណ្ហភាព ១.៥អង្សាសេ ដែលអ្នកវិទ្យាសាស្ត្រចាត់ទុកថា ជាចំណុចកំពូលនៃ ព្រឹត្តិការណ៍អាកាសធាតុក្តៅខ្លាំង។ ដោយឡែកសង្គ្រាមនៅអ៊ុយក្រែន ក៏បានបង្កឱ្យមានការភ័យខ្លាច ពីការផ្ទុះជម្លោះនុយក្លេអ៊ែរផងដែរ។
យោងតាមមជ្ឈមណ្ឌលជាតិទទួលបន្ទុកព័ត៌មានបរិស្ថានអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិកបានទទួលរងនូវព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗ ដែលបណ្តាលអោយខាតបង់ថវិការាប់ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣នេះ៕