ឡុងដ៍៖ សេវាសុខភាពជាតិដែលគ្រប់គ្រងដោយរដ្ឋរបស់ចក្រភពអង់គ្លេស នឹងក្លាយជាស្ថាប័នដំបូងគេក្នុងពិភពលោក ដែលផ្តល់ការចាក់ថ្នាំព្យាបាលជំងឺមហារីកដល់អ្នកជំងឺរាប់រយនាក់ ដែលនឹងអាចកាត់បន្ថយពេលវេលាព្យាបាលរហូតដល់បីភាគបួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន News sky នៅថ្ងៃទី០១ កញ្ញា ២០២៣។

ក្រោយមានការអនុម័តពីទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាព (MHRA) សេវាសុខភាពជាតិអង់គ្លេស NHS បាននិយាយថា អ្នកជំងឺរាប់រយនាក់ដែលមានសិទ្ធិទទួលការព្យាបាលដោយ atezolizumab ត្រូវបានកំណត់ឱ្យចាក់បញ្ចូលថ្នាំទៅក្រោមស្បែក ដែលនឹងអាចកាត់បន្ថយពេលវេលារហូតដល់ ៧៥ភាគរយឯណោះ។

ទន្ទឹមគ្នា លោកវេជ្ជបណ្ឌិត Alexander Martin ដែលជាអ្នកប្រឹក្សាផ្នែកជំងឺមហារីកនៅ West Suffolk NHS Foundation Trust បាននិយាយថា ការអនុម័តនេះ មិនត្រឹមតែអនុញ្ញាតឱ្យបុគ្គលិកពេទ្យផ្តល់ការថែទាំងាយស្រួល និងលឿនជាងមុនដល់អ្នកជំងឺរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយឱ្យក្រុមគ្រូពេទ្យរបស់យើង អាចព្យាបាលអ្នកជំងឺបានកាន់តែច្រើនក្នុងមួយថ្ងៃៗផងដែរ។

សេវាសុខភាពជាតិអង់គ្លេស NHS បាននិយាយថា បច្ចុប្បន្ននេះថ្នាំប្រភេទ immunotherapy ដែលមានឈ្មោះថា Atezolizumab ឬ Tencentriq មានតែនៅតាមមន្ទីរពេទ្យប៉ុណ្ណោះ ជាធម្មតាត្រូវបានកំណត់ឱ្យចាក់បញ្ចូលថ្នាំទៅក្នុងសរសៃឈាមដោយផ្ទាល់របស់អ្នកជំងឺ ដែលអាចចំណាយពេលប្រហែល ៣០នាទី ឬរហូតដល់ ៦០នាទី។

ប៉ុន្តែឥឡូវនេះ អ្នកជំងឹមហារីកដែលទទួលការព្យាបាលថ្មី ដោយការចាក់បញ្ចូលទៅក្រោមស្បែក នឹងអាចកាត់បន្ថយពេលវេលារហូតដល់ ៧៥ភាគរយ។ ការព្យាបាលដោយ Atezolizumab ជួយឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ មានសមត្ថភាពក្នុងការស្វែងរក និងសម្លាប់កោសិកាមហារីក។ 

យ៉ាងណាមិញ  NHS បានរំពឹងថា ភាគច្រើននៃអ្នកជំងឺប្រហែល ៣,៦០០នាក់នឹងចាប់ផ្តើមទទួលយកការព្យាបាលដោយ atezolizumab ជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូពីការចាក់ថ្នាំ ដើម្បីសន្សំពេលវេលា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ