បេរូត៖ ការវាយប្រហារលើមន្ទីរពេទ្យមួយនៅតំបន់ហ្កាហ្សាស្ទី្រប ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥០០នាក់បានបង្កឱ្យមានការតវ៉ា និងកុបកម្មនៅតាមបណ្តាប្រទេស ដែលភាគច្រើនកាន់សាសនាអ៊ីស្លាម រួមមានលីបង់ ហ្ស៊កដានី និងតួកគី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ១៨ តុលា ២០២៣។

ក្រោយមានការបាញ់ផ្លោងលើមន្ទីរមួយនៅហ្កាហ្សា បានធ្វើឱ្យផ្ទុះប្រតិកម្មយ៉ាងខ្លាំងលើពិភពលោក។ តួយ៉ាង នៅទីក្រុងបេរូត ជាទីដែលក្រុមសកម្មប្រយុទ្ធគាំទ្រប៉ាឡេស្ទីននៃក្រុមហេសបូឡា អំពាវនាវឱ្យមានបង្កើត “ថ្ងៃចងកំហឹងដែលមិនធ្លាប់មានពីមុនមក”នោះ មានក្រុមអ្នកតវ៉ាជាច្រើនបានប្រមូលផ្តុំគ្នានៅមុខអគារស្ថានទូតអាមេរិកនៅក្នុងសង្កាត់អាការ។

ពួកគេបានគប់ដុំថ្មលើរបងសន្តិសុខ ហើយប៉ូលីសបានឆ្លើយតបដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបានប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីទប់ស្កាត់ហ្វូងពួកគេ។ ទិដ្ឋភាពស្រដៀងគ្នានេះ ក៏បានកើតឡើងនៅក្នុងរដ្ឋធានីអាម៉ាន របស់ប្រទេសហ្ស៊កដានី ផងដែរ ជាទីដែលមនុស្សជាច្រើនបានខឹងសម្បារ រហូតដល់ដុតទង់ជាតិអ៊ីស្រាអែល ហើយព្យាយាមសម្រុកចូលស្ថានទូតអ៊ីស្រាអែល។

ចំណែកនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជារដ្ឋធានីដ៏ធំបំផុតរបស់ប្រទេសតួកគី ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល ដោយមានក្រុមអ្នកតវ៉ាខ្លះបានបាញ់កាំជ្រួច វាយរបងសន្តិសុខ និងប៉ុនប៉ងដុតអគារ។ ហើយអ្នកផ្សេងទៀតបាននាំគ្នាគប់ដុំថ្ម និងដុតទង់ជាតិអាមេរិក។ ភ្លាមៗមន្រ្តីប៉ូលិសបានធ្វើអន្តរាគមន៍បំបែកហ្វូងបាតុករ។ ជាការឆ្លើយតប អ្នកនាំពាក្យប្រធានាធិបតីតួកគីបានជំរុញក្រុមអ្នកតវ៉ា ជុំវិញការស្លាប់នៅហ្កាហ្សា ឱ្យគោរពច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ