យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ ក្នុងហេតុការណ៍ឆេះរថភ្លើងនៅឥណ្ឌា
ញូវដែលី៖ ក្រុមមន្ត្រីបាននិយាយថា មនុស្ស យ៉ាងហោចណាស់ ចំនួន៩ នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងដែលចតនៅភាគខាងត្បូងប្រទេសឥណ្ឌាបានឆេះ នៅពេលដែលអ្នកដំណើរម្នាក់ព្យាយាមឆុងតែលើរថភ្លើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ មិថុនា ២០២៣។
អ្នកនាំពាក្យសាលាក្រុង Madurai លោក Sali Thalapathi បានប្រាប់ AFP ថា «វាគឺជាទូររថភ្លើងប្រចាំការតែមួយគត់ ដែលត្រូវបានកក់ដោយប្រតិបត្តិករទេសចរណ៍ឯកជន។ មាននរណាម្នាក់បានព្យាយាមឆុងទឹកតែ ហើយវាបណ្តាលឱ្យមានអគ្គីភ័យ» ។
លោក Sali Thalapathi បន្តថា «មនុស្ស ៩ នាក់បានស្លាប់ ក្នុងនោះ ៣នាក់ជាស្ត្រី។ មនុស្ស ៩ នាក់ផ្សេងទៀតរងរបួស ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ»។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាមានបណ្តាញផ្លូវដែកដ៏ធំបំផុតមួយរបស់ពិភពលោក ហើយបានជួបគ្រោះមហន្តរាយជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលអាក្រក់បំផុត គឺក្នុងឆ្នាំ ១៩៨១ នៅពេលដែលរថភ្លើងបានក្រឡាប់ពេលកំពុងឆ្លងកាត់ស្ពានក្នុងរដ្ឋ Bihar ហើយបានធ្លាក់ចូលទៅក្នុងទន្លេស្លាប់មនុស្ស ៨០០ នាក់។ កាលពីខែមិថុនា មានកើតហេតុរថភ្លើងបីគ្រឿងបុកគ្នា សម្លាប់មនុស្សជិត ៣០០នាក់ក្នុងរដ្ឋ Odisha៕