ភ្នំពេញ ៖ ក្រុមនិស្សិតនៅសាកលវិទ្យាល័យ វិទ្យាស្ថាននានាទាំងរដ្ឋ និងឯកជននៅក្នុងរាជធានីភ្នំពេញរួមគ្នាគាំទ្រឱ្យមានការដំឡើងពន្ធថ្នាំជក់នៅកម្ពុជា។

ការប្ដេជ្ញាគាំទ្រនេះធ្វើឡើងនៅតាមសាកលវិទ្យាល័យជាច្រើននៅរាជធានីភ្នំពេញ នៅក្នុងកម្មវិធីផ្សព្វផ្សាយពីការហាមឃាត់ការសហការចាប់ដៃគូរវាង គ្រឹះស្ថានសិក្សា និងក្រុមហ៊ុនថ្នាំជក់ ដែលរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡា។ខណៈដែលកម្ពុជាមានអត្រាពន្ធថ្នាំជក់ត្រឹមតែ ២៥%-៣១%ប៉ុណ្ណោះ ហើយជាអត្រាពន្ធមួយដែលមានកម្រិតទាបខ្លាំងធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន ដូច្នេះការដំឡើងពន្ធថ្នាំជក់ពិតជាសំខាន់នៅពេលនេះ ដោយហេតុថាវាជាវិធានការឈ្នះៗសម្រាប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា។

កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើប្រទេសកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់៧៥%នៃតំលៃបារីលក់រាយ យោងតាមការសិក្សារបស់ការអង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្នាំ២០១៩។

ជាងនេះទៀត ការដំឡើងពន្ធថ្នាំជក់ កាត់បន្ថយអត្រាស្លាប់ ជំងឺ និងពិការភាព ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងន័យនេះ អាចបញ្ជាក់ថាទុក្ខវេទនារបស់ប្រជាពលរដ្ឋ ក៏បានកាត់បន្ថយ។

ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋកម្ពុជារហូតដល់ ៩៤% គាំទ្រអោយមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ (យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិមានជ័យនាពេលថ្មីៗនេះ) ។  មិនតែប៉ុណ្ណោះ  កម្ពុជាយើងក៏ជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ដែលមានកាតព្វកិច្ចដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីបង្ហាញការប្ដេជ្ញាចិត្តអនុវត្តអនុសញ្ញានេះ។  

លោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ “ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះដែលធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលបន្ថែម ព្រមទាំងអាចកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផល ថ្នាំជក់ផងដែរ ”។

គូសបញ្ជាក់ផងដែរថា ពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលអោយខាតបង់ទឹកប្រាក់ 649លានដុល្លាក្នុងមួយឆ្នាំ ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា យោងតាមការសិក្សារបស់ការអង្គការសហប្រជាជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ