អាមេរិកនឹងប្រើយន្តហោះបើកបរស្វ័យប្រវត្តិសម្រាប់ដឹកជញ្ជូនកងទ័ព
អាមេរិក ៖ កងទ័ពអាកាសអាមេរិកបានសហការជាមួយក្រុមហ៊ុន Reliable Robotics ដើម្បីកែលម្អយន្តហោះដឹកជញ្ជូនកងទ័ព ដោយដំឡើងប្រព័ន្ធការហោះហើរស្វ័យប្រវត្តិក្នុងចម្ងាយឆ្ងាយ និងអាចចុះចតខ្លួនវាបានដោយមិនចាំបាច់មានមនុស្សបញ្ជា ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TNN Tech នៅថ្ងៃទី១៤ កុម្ភៈ ២០២៣។
គម្រោងនេះមានគោលដៅកាត់បន្ថយការប្រើកម្លាំងមនុស្ស ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបជំនួសវិញ ខណៈវាអាចបំពេញភារកិច្ចឆាប់រហ័ស មានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ។ យន្តហោះបើកបរដោយស្វ័យប្រវត្តិអាចកាត់បន្ថយការស្លាប់របស់កងទ័ពក្នុងករណីយន្តហោះត្រូវសត្រូវវាយប្រហារលើអាកាស និងកាត់បន្ថយការចំណាយប្រាក់យ៉ាងច្រើនលើការហ្វឹកហាត់អ្នកបើកយន្តហោះផងដែរ ។
បច្ចុប្បន្ន យន្តហោះដឹកជញ្ជូនកងទ័ពដែលអាមេរិកប្រើប្រាស់ជាប្រចាំ និងមានការបញ្ជាពីមនុស្ស គឺ Lockheed Martin C-5 Galaxy និង Boeing C-17 Globemaster III ដែលអាចហោះហើរក្នុងចម្ងាយឆ្ងាយសម្រាប់ដឹកជញ្ជូនកងទ័ពអាមេរិកទៅកាន់សមរភូមិ ។ ការកែលម្អយន្តហោះដឹកជញ្ជូនកងទ័ព ដែលបំពាក់ដោយប្រព័ន្ធហោះហើរទំនើប មិនមែនជាគំនិតថ្មីទេ ប៉ុន្តែជាការយកបច្ចេកវិទ្យាការបើកបរដោយស្វ័យប្រវត្តិមកអនុវត្តជាមួយយន្តហោះកងទ័ព រួមទាំងបន្ថែមប្រសិទ្ធភាពពេលយន្តហោះត្រូវហោះឡើង និងចុះចតខ្លួនវា ដោយគ្មានការបញ្ជាពីមនុស្ស ។
ក្រៅពីការប្រើបច្ចេកវិទ្យាហោះហើរស្វ័យប្រវត្តិ កងទ័ពអាកាសអាមេរិកក៏បានត្រៀមយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកប្រើប្រាស់ដើម្បីអភិវឌ្ឍន៍ការហោះហើររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ ៕RT