ឥណ្ឌូណេស៊ីចាប់ខ្លួនពួកសកម្មប្រយុទ្ធរាប់សិបនាក់ ពាក់ព័ន្ធនឹងការរៀបចំផែនការរារាំងការបោះឆ្នោត
ហ្សាការតា៖ អង្គភាពប្រឆាំងភេរវកម្មនៃប្រទេសឥណ្ឌូណេស៊ី បានចាប់ខ្លួនជនសកម្មប្រយុទ្ធចំនួន៥៩ នាក់ ដែលរួមមានទាំងក្រុម Jamaah Ansharut Daulah (JAD) ដែលបំផុសគំនិតគាំទ្រក្រុមរដ្ឋអ៊ិស្លាមពាក់ព័ន្ធនឹងការរៀបចំផែនការរំខានការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ៣១ តុលា ២០២៣
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងអស់មាន១៩ នាក់មកពីបណ្តាញក្រុម Jemaah Islamiah (JI) ដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមអាល់កៃដា ខណៈចំនួន ៤០ នាក់ផ្សេងទៀត មានពីក្រុម JAD ដែលមានភក្តីភាពជាមួយនឹងក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម (IS) ។
លោក Aswin Siregar អ្នកនាំពាក្យនៃក្រុមការងារប្រឆាំងអំពើភេរវកម្ម Densus 88 បាននិយាយថា ក្រុមសកម្មប្រយុទ្ធ JAD ត្រូវបានគេសង្ស័យថាបានរៀបចំផែនការវាយប្រហារ ដើម្បីរំខានដល់ការបោះឆ្នោតប្រធានាធិបតី និងនីតិបញ្ញត្តិនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំក្រោយ។ លោក Aswin បានប្រាប់សន្និសីទសារព័ត៌មានថា «សម្រាប់ពួកគេ ការបោះឆ្នោតគឺអសីលធម៌ និងប្រឆាំងនឹងច្បាប់អ៊ិស្លាម»។
លោកបានបន្ថែមថា ពួកគេមានគម្រោងវាយប្រហារទីតាំងប៉ូលិស។ វាទាក់ទងទៅនឹងគោលដៅចម្បងរបស់ពួកគេ ដែលត្រូវលុបចោលការបោះឆ្នោត ។ លោកមិនបានប្រាប់លម្អិតបន្ថែមទៀត អំពីផែនការដែលរងការសង្ស័យនោះទេ។
លោក Aswin បាននិយាយថា ជនសង្ស័យត្រូវបានចាប់ឃុំខ្លួនក្នុងប្រតិបត្តិការចុះចាប់ខ្លួនពីថ្ងៃទី២ ដល់ថ្ងៃទី២៨ ខែតុលា ហើយប៉ូលិសក៏បានរឹបអូសកាំភ្លើង និងសារធាតុគីមីមួយចំនួនដែលប្រើដើម្បីធ្វើគ្រាប់បែកផងដែរ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានប្រជាជនកាន់សាសនាអ៊ិស្លាមច្រើនជាងគេបំផុតលើពិភពលោក ហើយប្រទេសនេះបានរងការវាយប្រហារពីពួកជ្រុលនិយមជាច្រើនដង ក្រោយការវាយប្រហារថ្ងៃ ១១ ខែកញ្ញា ឆ្នាំ ២០០១ នៅសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ ២០០២ ក្រុម JI បានធ្វើការវាយប្រហារដោយគ្រាប់បែកនៅកោះបាលី ដោយសម្លាប់មនុស្សជាង ២០០ នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរបរទេស៕RT