តេហេរ៉ង់៖ អ៊ីរ៉ង់ បានព្រមានពីការឆ្លើយតបយ៉ាងចាស់ដៃ ចំពោះការវាយប្រហារដ៏ឃោឃៅរបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន លើមូលដ្ឋានយោធាអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០១ វិចិ្ឆកា ២០២៤។

លោក Mohammad Mohammadi Golpayegani ដែលជាជំនួយការជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ដែលនេះគឺជា ការសងសឹកក្រោយការបាញ់មីស៊ីលប្រមាណ ២០០គ្រាប់របស់ក្រុងតេហេរ៉ង់ ចូលលើទឹកដីអ៊ីស្រាអែលកាលពិថ្ងៃទី១ ខែតុលា។

លោក Golpayegani បានប្រាប់ទីភ្នាក់ងារព័ត៌មានក្នុងស្រុក Tasnim ថា៖ «សកម្មភាពថ្មីៗពីរបបអ៊ីស្រាអែលនៅក្នុងការវាយប្រហារផ្នែកខ្លះនៃប្រទេសរបស់យើង គឺជាចំណាត់ការបង្កគ្រោះថ្នាក់ ហើយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបដ៏សាហាវ និងធ្វើឲ្យមានវិប្បដិសារី»។

ទន្ទឹមនោះ លោកបានកោតសរសើរកងកម្លាំងការពារដែនអាកាសអ៊ីរ៉ង់ថាបាន «រារាំងការវាយចូលរបស់ក្រុមប្រយុទ្ធរបបអ៊ីស្រាអែលនៅលើទឹកដី» របស់ខ្លួន ហើយនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបង្កការខូចខាតតិចតួចតែប៉ុណ្ណោះ។

យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារនៅក្នុងអ្វីដែលអ៊ីស្រាអែលបាននិយាយថា ជាការសងសឹកចំពោះការរារាំងកាំជ្រួចមីស៊ីលរបស់ទីក្រុងតេហេរ៉ង់កាលពីថ្ងៃទី១ ខែតុលា ដែលអ៊ីរ៉ង់ បានពិពណ៌នាថា ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ និងមេបញ្ជាការកងឆ្មាំបដិវត្តន៍។

ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី២៦ ខែតុលា មក អ៊ីស្រាអែលបានព្រមានអ៊ីរ៉ង់ប្រឆាំងនឹងការសងសឹក ខណៈទីក្រុងតេហេរ៉ង់ បញ្ជាក់ថា ខ្លួនមិនស្វែងរកសង្រ្គាម នោះទេ។

យ៉ាងណាម៉ិញ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល កងកម្លាំងអ៊ីរ៉ង់បាននិយាយថា យោធារបស់ខ្លួនចំនួន ៤នាក់ និងជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ ហើយមានការខូចខាតខ្លះទៅលើប្រព័ន្ធរ៉ាដាក្នុងប្រទេសចំនួន២ទៅ៣កន្លែងប៉ុណ្ណោះ ខណៈខាងភាគីអ៊ីស្រាអែលវិញ បានប្រាប់ថា ខ្លួនបានវាយប្រហារចំគោលដៅយោធា និងរោងចក្រផលិតមីស៊ីលរបស់អ៊ីរ៉ង់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ