អន្តរជាតិ៖ ធនាគារជប៉ុន SoftBank និងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់អាមេរិក ចំនួនពីរ គឺ Microsoft និង Nvidia បានរួមគ្នាបង្កើតមូលនិធិ តម្លៃជាង ១ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់ក្រុមហ៊ុន Start Up របស់ អង់គ្លេស ឈ្មោះ វ៉ែវ (Wayve) អភិវឌ្ឍន៍បច្ចេកវិទ្យា AI ឬ បញ្ញាសិប្បនិម្មត សម្រាប់យានយន្តបើកបរដោយខ្លួនឯង ឬ ស្វ័យបើកបរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី០៦ ឧសភា ២០២៤។

ធនាគារ SoftBank ដែលនាយកប្រតិបត្តិរបស់ខ្លួន ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Wayve ដែរនោះ គឺជាអ្នកដឹកនាំមូលនិធិ សម្រាប់ជួយដល់ក្រុមហ៊ុនអង់គ្លេស ដែលទើបចាប់ផ្តើមបច្ចេកវិទ្យា ឬ Start Up។

ក្រុមហ៊ុន Wayve បានប្រកាសថាមូលនិធិនេះបង្កើនលទ្ធភាពប្រើប្រាស់ និងសុវត្ថិភាព នៃប្រព័ន្ធបើកបរស្វ័យភាព ដែលជាជំនួយដ៏សំខាន់ សម្រាប់អ្នកបើកបរ និងគិតគូរខ្ពស់ លើបរិស្ថាន។

វេទិកាទិន្នន័យសកលសម្រាប់ភាពវៃឆ្លាតលើការចាប់ផ្ដើមអាជីវកម្ម Dealroom ចាត់ទុក កិច្ចព្រមព្រៀងនេះ គឺជាការរៃអង្គាសថវិកាដ៏ធំបំផុតក្នុងចំណោមក្រុមហ៊ុន Start Up នៅអឺរ៉ុប លើការអភិវឌ្ឍន៍ AI។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានសាទរចំពោះសេចក្តីប្រកាសរបស់ ក្រុមហ៊ុន Wayve ដោយបញ្ជាក់ថា នេះគឺជាការវិនិយោគដ៏ធំបំផុត ដែលមិនធ្លាប់មាន នៅក្នុងចំណោមក្រុមហ៊ុន របស់ចក្រភពអង់គ្លេស លើវិស័យ AI។

អង់គ្លេសត្រៀមនឹងប្រកាសដាក់ឲ្យប្រើប្រាស់ ច្បាប់ស្តីពីយានយន្តស្វ័យប្រវត្តិដែលនឹងគ្រប់គ្រងការប្រើប្រាស់យានយន្តបើកបរដោយខ្លួនឯង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ពោលគឺក្រោយទទួលការអនុម័ត ពីរដ្ឋសភា៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ