ប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ចិនបានផ្តួលជប៉ុនក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក ដោយសារតែកំណើននៃការលក់រថយន្តអគ្គិសនី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី០១ កុម្ភ: ២០២៣។

តួលេខរបស់សមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន បានបង្ហាញឱ្យដឹងថា ការនាំចេញរថយន្តដឹកទំនិញ និងរថយន្តក្រុងរបស់ប្រទេសជប៉ុន កើនឡើង ១៦ភាគរយ មានចំនួន ៤.៤២លានគ្រឿងក្នុងឆ្នាំ២០២៣។ ទន្ទឹមគ្នា ប្រទេសចិនបាននាំចេញរថយន្តជិត ៥០០,០០០គ្រឿងបន្ថែមទៀត សរុបកើនឡើងដល់ ៤.៩១លានគ្រឿង នេះបើតាមរបាយការណ៍របស់សមាគមក្រុមហ៊ុនផលិតរថយន្តចិន។

ជាមួយនឹងចំនួនដ៏ច្រើនខាងលើ បានធ្វើឲ្យចិនវ៉ាដាច់ជប៉ុន ក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុនចិនដែលមានឯកទេសខ្ពស់ខាងរថយន្តអគ្គិសនី ដូចជា BYD និង Chery បានបោះជំហានយ៉ាងសំខាន់នៅក្នុងទីផ្សារក្រៅប្រទេស ក៏ដូចជានៅក្នុងស្រុក ដែលជាកត្តាដ៏សំខាន់ជួយឲ្យចិនឡើងមកឈរនៅតំណែងកំពូលនេះ។

គួរបញ្ជាក់ថា ការនាំចេញរថយន្តសរុបរបស់ប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៥.២៦លានគ្រឿង គិតពេញមួយឆ្នាំ២០២៣ ខណៈដែលការនាំចេញរថយន្តពេញមួយឆ្នាំរបស់ប្រទេសជប៉ុនវិញ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនប្រហែល ៤.៣លានគ្រឿងប៉ុណ្ណោះ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ