លោក Elon Musk ៖ ឆាប់ៗនេះ X នឹងបើកឱ្យអ្នកប្រើប្រាស់អាចហៅទូរស័ព្ទជាសម្លេង និងវីដេអូបាន
វ៉ាស៊ីនតោន៖ លោក Elon Musk បានប្រកាសថា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម X របស់គាត់ នឹងចាប់ផ្តើមបើកឱ្យអ្នកប្រើប្រាស់អាចខលជាសម្លេង និងវីដេអូបាន ដែលនេះជាជំហានកែប្រែអតីតបណ្តាញសង្គម Twitter ទៅជាមានអ្វីៗគ្រប់យ៉ាងដូចបណ្តាញសង្គមដទៃទៀតដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ កញ្ញា ២០២៣។
លោក Elon Musk បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គម X ថា មុខងារ Call ជាសម្លេង និងវីដេអូ នឹងបើកឱ្យប្រើប្រាស់នៅលើ X ក្នុងពេលខាងមុខ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ថាតើពេលណាមុខងារថ្មីនេះ នឹងដាក់ដំណើរការទេ។ លោក Musk បន្តថា មុខងារ Calling នឹងបើកឱ្យដំណើរការទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS, Android, Mac និង PC ហើយមិនត្រូវការលេខទូរស័ព្ទទេ។
សូមរម្លឹកថា លោក Musk និងនាយកប្រតិបត្តិថ្មីរបស់គាត់ គឺលោកស្រី Linda Yaccarino ដែលបានប្រកាសពីការប្តូរឈ្មោះពី Twitter ជាទៅ X បាននិយាយថា បណ្តាញទំនាក់ទំនងសង្គមមួយនឹងក្លាយជា “កម្មវិធីមានអ្វីៗគ្រប់យ៉ាង” ស្រដៀងគ្នាទៅនឹងកម្មវិធី WeChat របស់ប្រទេសចិនដែរ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ៕RT