ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក CIA បានអះអាងថា ចិន នៅតែមិនទុកចិត្តលើសមត្ថភាពកងទ័ពរបស់ខ្លួន អាចលុកលុយទៅលើកោះតៃវ៉ាន់
វ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ពិភពលោកទាំងមូល កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ថា ក្រុងប៉េកាំង អាចនឹងវាយលុកដណ្ដើមកាន់កាប់កោះតៃវ៉ាន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ប៉ុន្ដែនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក CIA បានអះអាង ថា ចិន នៅតែសង័្សយលើកងទ័ពចិន មិនមានសមត្ថភាព អាចដណ្ដើមកាន់កាប់ដែនកោះគ្រប់គ្រង តាមបែបប្រជាធិបតេយ្យ ដោយខ្លួនឯងមួយនេះបាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៧ កុម្ភៈ ២០២៣។
ប្រធានទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិក CIA លោក វិលលៀម ប៊ឺនស៍ (William Burns) បានបញ្ជាក់ ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហាញ ថា លោក ស៊ី ជិនពីង (Xi Jinping) បានណែនាំដល់កងទ័ពរបស់ប្រទេសគាត់ ឱ្យត្រៀមខ្លួនរួចជាស្រេច សម្រាប់ឆ្នាំ២០២៧ ដើម្បីឈ្លានពានតៃវ៉ាន់ បើទោះជាបច្ចុប្បន្ន គាត់អាចមានការសង័្សយ អំពីសមត្ថភាពកងទ័ពរបស់គាត់ ដោយសារតែសិក្សា អំពីបទពិសោធន៍របស់រុស្ស៊ី នៅក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។
លោកនាយក CIA បានថ្លែង នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយ តាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យ ដោយបានសង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក ត្រូវតែចាត់វិធានការយ៉ាងខ្លាំង ប្រឆាំងនឹងគោលបំណងប្រាថ្នារបស់លោកប្រធានាធិបតីចិន នៅក្នុងការវាយលុក ចូលទៅគ្រប់គ្រងតៃវ៉ាន់៕