អាមេរិកនឹងប្រើកម្លាំងទ័ព ដើម្បីរារាំងអ៊ីរ៉ង់ពីកម្មវិធីនុយក្លេអ៊ែរ
អន្តរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន សន្យាចំពោះអ៊ីស្រាអែលថាលោកនឹងនៅតែចាត់ទុកកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក្នុងបញ្ជីភេរវកម្ម ហើយថាអាមេរិកនឹងប្រើកម្លាំងទ័ពដើម្បីជា «មធ្យោបាយចុងក្រោយ» ក្នុងការរារាំងក្រុងតេអេរ៉ង់ពីការវិវត្តកម្មវិធីនុយក្លេអ៊ែរទៅមុខ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី១៤ កក្កដា ២០២២។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍អ៊ីស្រាអែល មុនលោកចេញដំណើរពីអាមេរិកដើម្បីបំពេញទស្សនៈកិច្ចនៅមជ្ឈិមបូព៌ាលោក បៃដិន និយាយថា លោកនឹងនៅតែរក្សាកងកម្លាំងIRGCក្នុងបញ្ជីភេរវកម្ម បើទោះបីជានោះមានន័យថា លោកសម្លាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលជាប់គាំងក្ដី។
ក្នុងកិច្ចសម្ភាសន៍ចាក់ផ្សាយកាលពីថ្ងៃពុធដដែល លោក បៃដិន និយាយថា៖ «រឿងតែមួយគត់ដែលអាក្រក់ជាងអ៊ីរ៉ង់ឥឡូវនេះគឺអ៊ីរ៉ង់ដែលមានអាវុធនុយក្លេអ៊ែរ»។ នៅពេលសួរអំពីការប្រើប្រាស់កម្លាំងទ័ពប្រឆាំងនឹងអ៊ីរ៉ង់ លោក បៃដិន និយាយថា៖ «ប្រសិនបើនោះមធ្យោបាយចុងក្រោយនោះយើងនឹងប្រើ»។
សម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់គឺអ៊ីស្រាអែល បានចាត់ទុកអ៊ីរ៉ង់ជាសត្រូវដ៏ធំបំផុតរបស់ខ្លួន ដោយលើកឡើងពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះទោះបីជាអ៊ីស្រាអែលផ្ទាល់ត្រូវបានគេជឿថាមានក្បាលគ្រាប់នុយក្លេអ៊ែរជិត១០០ ក្ដី។
អាមេរិក និងអ៊ីស្រាអែល ត្រូវបានគេរំពឹងថានឹងបង្ហាញសេចក្តីប្រកាសរួមមួយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីពង្រឹងទំនាក់ទំនងយោធាជិតស្និទ្ធទ្វេភាគី និងពង្រឹងការអំពាវនាវកន្លងមក ក្នុងការចាត់វិធានការយោធា ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
យ៉ាងណាមិញ អ៊ីរ៉ង់ ដែលនិយាយកាលពីសប្ដាហ៍មុនថា ខ្លួនបានបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូមដល់ ៦០ ភាគរយ ដែលនៅឆ្ងាយពីការអាចបង្កើតអាវុធបាន ក្នុងកម្រិត ៩០ ភាគរយ កន្លងមកបាននិយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ធ្វើឡើងដើម្បីប្រើក្នុងន័យសន្តិភាពប៉ុណ្ណោះ ឧទាហរណ៍ដូចជាសម្រាប់ប្រើក្នុងវិស័យវេជ្ជសាស្រ្តជាដើម។RT