ប៉េរូត ៖ មេដឹកនាំក្រុមហេសបូឡា លោក Naim Qasem បាននិយាយថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនមានឥទ្ធិពលលើកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល និងហេសបូឡាឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ វិចិ្ឆកា ២០២៤។

មេដឹកនាំហេសបូឡារូបនេះ បាននិយាយយ៉ាងដូច្នេះថា យើងមិនរំពឹងថា ការបញ្ឈប់ការឈ្លានពានអាស្រ័យលើការអភិវឌ្ឍន៍នយោបាយឡើយ… មិនថា លោកស្រី Harris ឈ្នះ ឬ លោក Trump ឈ្នះនោះទេ វាគ្មានន័យអ្វីសម្រាប់យើងទេ។

ការលើកឡើងបែបនេះរបស់លោក Naim Qasem ធ្វើឡើងមុនពេលលោក ដូណាល់ ត្រាំ ត្រូវបានប្រកាសថា ជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ។ បន្ទាប់ពីឈ្នះឆ្នោតនៅឆ្នាំ២០២៤ លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ នៅដើមឆ្នាំក្រោយ។

ភ្លាមៗ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអ្នកគាំទ្ររបស់លោក បានអបអរជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ដោយបង្ហាញការជឿជាក់ថា លោក ត្រាំ នឹងក្លាយជាសម្ព័ន្ធមិត្តដ៏រឹងមាំ និងគាំទ្រអ៊ីស្រាអែលដោយគ្មានលក្ខខណ្ឌ។

ចំណែកឯក្រុមហាម៉ាសវិញ ដែលបានប្រយុទ្ធជាមួយអ៊ីស្រាអែលអស់រយៈពេលជាងមួយឆ្នាំនៅតំបន់ហ្គាហ្សា បានអំពាវនាវឱ្យរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បញ្ឈប់ការគាំទ្រដោយងងឹតងងុលចំពោះអ៊ីស្រាអែល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ