មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានចោទប្រកាន់អ៊ុយក្រែន និងប្រទេសលោកខាងលិចថា បានជំរុញឱ្យមានការធ្វើកុបកម្មប្រឆាំងនឹងអ៊ីស្រាអែល នៅឯអាកាសយានដ្ឋាន Makhachkala ក្នុងតំបន់ Dagestan ដែលសំបូរប្រជាជនមូស្លីមរស់នៅ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ៣១ តុលា ២០២៣។

ថ្លែងក្នុងសុន្ទរកថាតាមរយៈកញ្ចក់ទូរទស្សន៍ជាតិ លោក ពូទីន បានគូសបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង ដោយសារតែមានការលេចឡើងនូវពាក្យចចាមអារ៉ាមតាមប្រព័ន្ធបណ្ដាញផ្សព្វផ្សាយសង្គម ដែលជាការជ្រៀតជ្រែកមកពីបរទេស ពោលគឺអ៊ុយក្រែន និងប្រទេសលោកខាងលិច។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏បានគូសបញ្ជាក់ថា ទីក្រុងកៀវដើរតួនាទីដោយផ្ទាល់ និងសំខាន់ចំពោះការបំផ្លិចបំផ្លាញនានា។ 

មកទល់ពេលនេះ កងកម្លាំងសន្ដិសុខបានឃាត់ខ្លួនក្រុមបាតុករយ៉ាងហោចណាស់ ៨០នាក់ ចាប់តាំងពីកុបកម្មនេះកើតឡើង និងបានព្យាយាមបញ្ឈប់នូវសកម្មភាពហឹង្សារបស់ក្រុមបាតុករ។ យ៉ាងណាមិញ ទីក្រុងកៀវពុំមានការឆ្លើយតបចំពោះការចោទប្រកាន់នេះនៅឡើយទេ ខណៈសហរដ្ឋអាមេរិកហៅការចោទប្រកាន់នេះថា គួរឱ្យអស់សំណើច។

គួរបញ្ជាក់ផងដែរថា មនុស្សជាច្រើនរាប់ពាន់នាក់ ដែលភាគច្រើនសុទ្ធតែជាអ្នកគាំទ្រប៉ាឡេស្ទីនបាននាំគ្នាធ្វើកុបកម្ម កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោយពេលលឺពាក្យចចាមអារ៉ាមថា យន្ដហោះដឹកជនភៀសខ្លួនមកពីអ៊ីស្រាអែលបានមកចុះចតនៅព្រលានយន្ដហោះ Makhachkala។ មនុស្សយ៉ាងតិចណាស់ ២០នាក់ត្រូវរងរបួសនៅក្នុងហេតុការណ៍នេះ៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ