ភ្នំពេញ ៖ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ការដំឡើងពន្ធលើផលិតផលមានហានិភ័យខ្ពស់ដល់សុខភាព ដូចជា ផលិតផលថ្នាំជក់ ជារឿងល្អបំផុត ព្រោះវានឹងធ្វើឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងក្រាស់ក្រែល។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាថ្ងៃទី១០ មីនា នេះ បានបញ្ជាក់ថា ការដំឡើងពន្ធផលិតផលថ្នាំជក់ ពោលគឺមិនត្រឹមតែទទួលបានចំណូលពន្ធរដ្ឋបន្ថែមប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការចំណាយលើសុខភាព និងធ្វើឲ្យអ្នកឈប់ជក់បារីមានសុខភាព និងផលិតភាពការងារ ល្អប្រសើរជាងមុន។

CMH បានបន្ដថា ការដំឡើងពន្ធថ្នាំជក់ ធ្វើឲ្យតម្លៃថ្នាំជក់កើនឡើង និងកាត់បន្ថយលទ្ធភាពទិញបាន ហើយវាជាវិធីសាស្រ្តមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងជួយ  សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ ប្រសិនបើកម្ពុជាដំឡើងពន្ធថ្នាំជក់ នឹងជួយឲ្យប្រជាពលរដ្ឋប្រមាណ ២លាននាក់ឈប់ជក់បារី និងប្រជាពលរដ្ឋប្រមាណ ១៥០០០នាក់រួចផុតពីសេចក្ដីស្លាប់ដោយសារការជក់បារី ក្នុងមួយឆ្នាំៗ។

ក្រៅពីធ្វើឲ្យជីវិតប្រជាពលរដ្ឋស្លាប់រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ថ្នាំជក់ ក៏បានធ្វើឲ្យកម្ពុជាខាតបង់សេដ្ឋកិច្ចគិតជាថវិកាប្រមាណ ២.៧ ទ្រីលានរៀល ស្មើនឹង ៦៦៣ លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣%នៃផលិតផលក្នុងស្រុកសរុប (GDP)។

CMH បានបន្ថែមថា អត្រាពន្ធថ្នាំជក់នៅកម្ពុជាបច្ចុប្បន្នគឺត្រឹមតែ ២៥%- ៣០% នៃតម្លៃបារីលក់រាយប៉ុណ្ណោះ ដែលជាមធ្យមបារីមួយកញ្ចប់មានតម្លៃតិចជាង ១ដុល្លារសហរដ្ឋ ធ្វើឱ្យលទ្ធភាពទិញបានកាន់តែខ្ពស់។ តើមតិបំភ័ន្តទាក់ទងនឹងការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់ និងការបាត់បង់ចំណូលពន្ធរដ្ឋ កំពុងរំខានដល់សមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងពន្ធថ្នាំជក់ដែរឬទេ? ជាការពិតណាស់ ឧស្សាហកម្មថ្នាំជក់តែងតែបំផ្លើសការរួមចំណែករបស់ខ្លួន និងប្រើប្រាស់ការស្រាវជ្រាវដែលលំអៀងក្រោមការឧបត្ថម្ភរបស់ខ្លួនទាក់ទងនឹងការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់ ដើម្បីប្រឆាំងនឹងការឡើងពន្ធថ្នាំជក់ និងបំភាន់អ្នកបង្កើតគោលនយោបាយ និងសាធារណជន។

តើអ្វីជាមូលហេតុពិតប្រាកដ ដែលនាំឱ្យមានការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់?

តាមការសន្និដ្ឋាន ប្រហែលជា១១.៦%នៃទីផ្សារបារីលើសកលលោកគឺជាពាណិជ្ជកម្មខុសច្បាប់ ហើយភាគច្រើនកើតមាននៅក្នុងប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម ដែលបារីមានតម្លៃទាប។ ភស្តុតាងវិទ្យាសាស្រ្តបានបង្ហាញថា ទីផ្សារបារីខុសច្បាប់នៅប្រទេសដែលហូតពន្ធបារីទាប និងតម្លៃបារីទាប មានច្រើនជាងប្រទេសដែលហូតពន្ធបារីខ្ពស់ និងតម្លៃបារីខ្ពស់ជាង។ មូលហេតុដែលធ្វើឱ្យមានការជួញដូរបារីខុសច្បាប់ មានលក្ខណៈសាំញ៉ាំ ប៉ុន្តែការសិក្សាជាច្រើន រួមទាំងការសិក្សារបស់ធនាគារពិភពលោកផង បានបង្ហាញថា មូលហេតុបណ្ដាលឱ្យមានការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់គឺមិនពាក់ព័ន្ធទៅនឹងកត្តាតម្លៃទេ ប៉ុន្តែ ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ភាពកំសោយនៃច្បាប់ពន្ធនិងការពង្រឹងច្បាប់ទាក់ទងនឹងពន្ធ ព្រមទាំងការចូលរួមរបស់ក្រុមហ៊ុនថ្នាំជក់ និងបណ្តាញឧក្រិដ្ឋកម្មផ្សេងទៀត។

នៅប្រទេសម៉ាឡេស៊ី ទោះបីជាគ្មានការដំឡើងពន្ធថ្នាំជក់ចាប់តាំងពីឆ្នាំ២០១៦ ដល់២០២១ក៏ដោយ ក្រុមហ៊ុនថ្នាំជក់នៅតែបន្តលើកពីបញ្ហាការកើនឡើងនៃការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់ ដើម្បីជម្រុញរាជរដ្ឋាភិបាលឱ្យដកចេញនូវផែនការដំឡើងពន្ធថ្នាំជក់។ ជារួមមក ការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ទៅក្នុងវិធានការពន្ធថ្នាំជក់ និងវិធានការដទៃទៀត បានរារាំងដល់ការគាំទ្រលើវិស័យសុខភាពសាធារណៈ នៅក្នុងប្រទេសម៉ាឡេស៊ី។

ដោយឡែក នៅប្រទេសសាំងហ្គាពួរ រដ្ឋាភិបាលទទួលបានជោគជ័យលើការរក្សាអាជីវកម្មបារីខុសច្បាប់ឱ្យនៅកម្រិតទាបខ្លាំង ទោះបីជាបារីនៅក្នុងប្រទេសនេះមានតម្លៃខ្ពស់បំផុតនៅក្នុងតំបន់អាស៊ានក៏ដោយ។ ការដំឡើងពន្ធនឹងនាំឱ្យតម្រូវការបារីមានការធ្លាក់ចុះសូម្បីតែនៅពេលដែលផលិតផលបារីខុសច្បាប់ចរាចរនៅលើទីផ្សារក៏ដោយ។ ដូច្នេះ ការគេចពន្ធ នឹងមិនធ្វើឱ្យបាត់បង់ប្រសិទ្ធភាពនៃការដំឡើងពន្ធ សម្រាប់សុខភាពសាធារណៈ និង ចំណូលពន្ធរដ្ឋនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ