អន្តរជាតិ៖ មន្ត្រីឧស្សាហកម្មការពារជាតិរបស់ចក្រភពអង់គ្លេសកំពុងពិភាក្សាជាមួយសមភាគីអ៊ុយក្រែន អំពីផែនការផលិតអាវុធរបស់អង់គ្លេសនៅទឹកដីអ៊ុយក្រែន ដើម្បីបង្ហាញពីការពង្រឹងទំនាក់ទំនងរបស់ទីក្រុងកៀវ រួមជាមួយទាំងទីក្រុងឡុងដ៍ និងអង្គការណាតូ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Sputnik នៅថ្ងៃទី១៣ កុម្ភៈ ២០២៣។

កាសែតអង់គ្លេសបានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាយកប្រតិបត្តិរបស់ចក្រភពអង់គ្លេសបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនជាមួយនឹងគោលបំណងនៃការបណ្តាក់ទុនរួមគ្នា សម្រាប់ការផលិតអាវុធ និងយានប្រយុទ្ធដែលមានអាជ្ញាប័ណ្ណ ។

បន្ថែមពីលើនេះ កាសែតបានរាយការណ៍ថា ក្រុមហ៊ុនការពារជាតិអឺរ៉ុបផ្សេងទៀតក៏កំពុងចរចាជាមួយទីក្រុងកៀវលើបញ្ហានេះផងដែរ ដោយសារតែពួកគេមិនចង់ឃើញក្រុមហ៊ុនអង់គ្លេសចាញ់ដៃគូប្រកួតប្រជែងរបស់បារាំង និងអាល្លឺម៉ង់ ។

កាសែតបានបន្ថែមថា អ៊ុយក្រែនធ្លាប់ផលិតអាវុធធុនតូចរបស់អ៊ីស្រាអែល និងអាមេរិកមួយចំនួន ដូចជា កាំភ្លើង និងកែកុនរថក្រោះមួយចំនួនរបស់ខ្លួនដើម្បីបញ្ចូលគ្រឿងអេឡិចត្រូនិករបស់អ៊ីស្រាអែល ។ រដ្ឋាភិបាលទីក្រុងកៀវចង់ផលិតកាំភ្លើងធំ យានប្រយុទ្ធ និងអាវុធដែលរចនាដោយលោកខាងលិច ជាជាងចំណាយលុយទិញអាវុធទាំងនោះ ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែនមក បណ្តាប្រទេសលោកខាងលិចបានផ្គត់ផ្គង់ប្រព័ន្ធអាវុធជាច្រើនប្រភេទទៅឲ្យទីក្រុងកៀវ ដោយក្នុងនោះរួមទាំងមីស៊ីលការពារដែនអាកាស ប្រព័ន្ធជើងទម្របាញ់រ៉ុកកែត រថក្រោះ កាំភ្លើងធំ និងកាំភ្លើងប្រឆាំងយន្តហោះជាដើម ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ