ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានពានកោតសរសើរពី សម្ព័ន្ធត្រួតពិនិត្យផលិតផលថ្នាំជក់ (SEATCA) ក្នុងនាមជាស្ថាប័នរដ្ឋាភិបាល ដែលអនុវត្តបានល្អការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា។

ថ្មីៗនេះ ក្រសួងអប់រំ បានចេញនូវសេចក្ដីណែនាំមួយ ចំពោះអង្គភាពចំណុះក្រសួង និងគ្រឹះស្ថានសិក្សាគ្រប់កំរិតទាំងសាធារណៈ និងឯកជន ដោយហាមឃាត់ការចាប់ដៃគូរសហការជាមួយឧស្សាហករថ្នាំជក់ ការទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សារណៈយោគយល់គ្នាជាមួយឧស្សាហករថ្នាំជក់ ការផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិពណ៌ដែលជាកម្មវិធីរបស់ឧស្សាហកម្មថ្នាំជក់ និងត្រូវចូលរួមលុបបំបាត់សកម្មភាពប្រើប្រាស់ផលិតផលថ្នាំជក់តាមគ្រប់រូបភាព។ សេចក្តីណែនាំនេះ ត្រូវបានដាក់ចេញ ក្រោយពីក្រុមហ៊ុនថ្នាំជក់មួយចំនួន បានធ្វើសកម្មភាពឧបត្ថម្ភក្នុងគ្រឹះស្ថានសិក្សា ក្នុងគោលបំណងកេងចំណេញផ្សព្វផ្សាយឈ្មោះក្រុមហ៊ុន និងផលិតផលរបស់ខ្លួន ដល់សិស្ស និស្សិត។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ដោយមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ នៅខែមីនា ឆ្នាំ២០២១ បានចេញនូវសេចក្ដីណែនាំ ហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមលើការការហាមឃាត់ ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) ដែលបានដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០១៤។

ការដាក់ចេញនូវសេចក្តីណែនាំនេះ គឺដើម្បីឆ្លើយតបទៅនឹងការផ្សព្វផ្សាយលក់ផលិតផល អេចឈ៍ ធី ភី និងបារីអេឡិកត្រូនិក តាមបណ្តាញព័ត៌មានសង្គម។ 

គួរបញ្ជាក់ថា មិនមែនតែកម្ពុជាទេ ដែលបានទទួលពានកោតសរសើរនេះ។ ជាក់ស្ដែងក្រសួងស្ថាប័ននៃប្រទេសសមាជិកអាស៊ានដូចជា ក្រសួងសុខាភិបាលថៃ សិង្ហបុរី និងហ្វីលីពីន និងក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យាឥណ្ឌូនេស៊ីក៏ទទួលបានពានកោតសរសើរនេះផងដែរ។

សូមរំលឹកថា ជារៀងរាល់ឆ្នាំពិភពលោកត្រូវខាតបង់សេដ្ឋកិច្ចប្រមាណជា ១ទ្រីលានដុល្លារអាមេរិក និងមានមនុស្សប្រមាណ ៧លាននាក់ បានស្លាប់ហើយចំនួននេះនឹងកើនឡើង១ភាគ៣ដងនៅឆ្នាំ២០៣០ ប្រសិនបើមិនមានការទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពទេនោះ។ ក្រឡេកមកប្រទេសកម្ពុជាវិញ ថ្នាំជក់បានសម្លាប់ប្រជាជនប្រមាណ ១៥.០០០,០០នាក់ជារៀងរាល់ឆ្នាំ និងខាតបង់ថវិកាប្រមាណ៦៤៩លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ គឺស្មើនឹង៣%នៃ GDP របស់កម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ