នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ ទុកពេល៣០ថ្ងៃប៉ុណ្នោះ ដើម្បីឱ្យផ្សារទំនើប Makro របស់ថៃ បកស្រាយពីការចោទប្រកាន់ថា បានទិញសាច់ជ្រូកបង្កកគេចពន្ធ
ថៃ៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ទុកពេល៣០ថ្ងៃ (គិតចាប់ពីថ្ងៃទី៤ធ្នូ) ដើម្បីឲ្យផ្សារទំនើប Makro របស់ថៃ ផ្ដល់របាយការណ៍ បកស្រាយជុំវិញការចោទប្រកាន់ថា បានទិញសាច់ជ្រូកបង្កក គេចពន្ធពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ដែលម្ចាស់នេះ គឺឪពុក និងកូនប្រុស ត្រូវចាប់ខ្លួនពីបទរត់ពន្ធសាច់ជ្រូកខុសច្បាប់រាប់ពាន់តោន ពីប្រទេសជិតខាង ចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nation Thailand ចេញផ្សាយនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងសារព័ត៌មានដដែល លោក ឧត្តមសេនីយ Natapol Ditsayatham អ្នកជំនាញផ្នែកការពារអ្នកប្រើប្រាស់ និងឧក្រិដ្ឋកម្មបរិស្ថានរបស់ DSI បាននិយាយថា នាយកដ្ឋាន បានកំណត់រយៈពេល 30 ថ្ងៃ ចាប់ផ្តើមកាលពីថ្ងៃចន្ទ ទី 4 ខែធ្នូនេះតទៅ ដល់ផ្សារទំនើបMakro របស់ថៃ ក្នុងនោះនាយកដ្ឋាន ក៏ កំពុងតែដឹកនាំការស៊ើបអង្កេតយ៉ាងសកម្មផងដែរ។
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា កន្លងទៅ ផ្សារទំនើប Makro ដែលដំណើរការដោយ CP Extra Plc បានចេញសេចក្តីថ្លែងការណ៍ មួយដោយបដិសេធថាខ្លួនមិនបានទិញសាច់ជ្រូកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd នោះទេ។ តំណាងផ្សារទំនើប Makro បាននិយាយបន្តថា ខ្លួនបានបញ្ឈប់ការទិញសាច់ជ្រូកពីក្រុមហ៊ុននេះតាំងពីពាក់កណ្តាលឆ្នាំមុន បន្ទាប់ពីដឹងថាផលិតផលនេះមិនបានបំពេញតាមស្តង់ដារអនាម័យ និងគុណភាពដែលផ្សារចង់បាន ។
ដោយឡែក ផ្សារទំនើបអ៊ីអនក្នុងប្រទេសថៃក៏បានបង្ហាញពីឆន្ទៈក្នុងការសហការជាមួយអាជ្ញាធរក្នុងការស៊ើបអង្កេតប្រតិបត្តិការរត់ពន្ធសាច់ជ្រូកនេះផងដែរ។
សូមបញ្ជាក់ថា ប្រធានក្រុមហ៊ុនហ៊ុន Wealthy & Healthy Foods Co Ltd លោក Wirat អាយុ 69 ឆ្នាំ និងកូនប្រុសរបស់គាត់ឈ្មោះ Thanakrit អាយុ 42 ឆ្នាំត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិមួយថ្ងៃមុននេះ។អ្នកទាំងពីរ បានដឹកជញ្ជូនសាច់ជ្រូកកករាប់ពាន់តោនពីប្រទេសជិតខាងរវាងឆ្នាំ ២០២១និងដើម២០២៣ឆ្នាំនេះ៕