ជប៉ុន-អាមេរិកចាយ ៣ពាន់លានដុល្លារអភិវឌ្ឍប្រព័ន្ធប្រឆាំងមីស៊ីសលឿនជាងសំឡេង
តូក្យូ៖ ជប៉ុន និងសហរដ្ឋអាមេរិក គ្រោងអភិវឌ្ឍន៍ប្រព័ន្ធបាញ់កម្ទេចមីស៊ីលលឿនជាងសំឡេងនៅទសវត្សរ៍ឆ្នាំ២០៣០ ដែលមានឈ្មោះថា Glide Phase Interceptor (GPI) ស្ថិតក្រោមកិច្ចសន្យាដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី១៧ ឧសភា ២០២៤។
ផែនការដែលត្រូវបានគេរាយការណ៍ថា នឹងចំណាយប្រាក់ជាង ៣ពាន់លានដុល្លារនេះ ត្រូវបានប្រកាសជាលើកដំបូងក្នុងខែសីហា នៅពេលដែលមេដឹកនាំប្រទេសទាំងពីរ បានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងត្បូងនៅជំរុំប្រធានាធិបតី Camp David នៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន។
ក្រសួងការពារជាតិជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពង្រឹងសមត្ថភាពប្រព័ន្ធប្រឆាំងនឹងមីស៊ីលលឿនជាងសំឡេង គឺជាបញ្ហាបន្ទាន់។ Hypersonic Missiles គឺជាប្រភេទមីស៊ីលហោះក្នុងល្បឿនលឿនសំឡេងច្រើនជាង៥ដង និងមានគន្លងមិនទៀងទាត់ ដែលធ្វើឱ្យពួកវាពិបាកក្នុងការស្ទាក់ចាប់ ឬបាញ់កម្ទេច។រដ្ឋាភិបាលជប៉ុនបានចាក់បញ្ចូលទឹកប្រាក់ចំនួន ៤៨០លានដុល្លាររួចហើយនៅក្នុងថវិកាជាតិឆ្នាំ២០២៤របស់ខ្លួន សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធស្ទាក់ចាប់មីស៊ីលលឿនជាងសំឡេង។
ថវិកានេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាការពារជាតិជាង ៥១ពាន់លានដុល្លារ ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន ដោយសារតែភាពតានតឹងកើនឡើងជាមួយប្រទេសចិន និងកូរ៉េខាងជើង។ ជាងនេះទៅទៀត នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ក៏បានសន្យាដែរថា នឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងដល់ស្តង់ដារអង្គការណាតូ គឺ ២ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៧៕