រុស្ស៊ីឆ្លៀតបញ្ជូននាវាចម្បាំងទៅធ្វើសមយុទ្ធនៅមីយ៉ាន់ម៉ា ទោះជាប់ដៃប្រយុទ្ធនៅអ៊ុយក្រែន
ណៃពិដោ ៖ នាវាកងទ័ពជើងទឹករុស្ស៊ីមួយក្រុម ធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយសារសង្រ្គាមហើយ ដើម្បីចូលរួមសមយុទ្ធដែនសមុទ្រជាមួយកងទ័ពជើងទឹករបស់របបយោធា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ តុលា ២០២៤។
កាសែត Global New Light of Myanmar ចេញផ្សាយថា នាវាចម្បាំងចំនួន ៤គ្រឿង និងនាវាដឹកជញ្ជូននៃកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី បានធ្វើដំណើរមកដល់កំពង់ផែ Thilawa ក្នុងទីក្រុង Yangon កាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងគោលបំណងចូលរួមធ្វើសមយុទ្ធសន្តិសុខដែនសមុទ្ររួមគ្នារវាងមីយ៉ាន់ម៉ា និងរុស្ស៊ី ជាលើកទី២។
នៅថ្ងៃអាទិត្យដដែល រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធសន្តិសុខដែនសមុទ្របាញ់គ្រាប់ពិតនៅក្នុងដែនទឹកនៃសមុទ្រ Andaman ភាគខាងជើង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា។ ជាមួយគ្នានេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក៏បានព្រមានកប៉ាល់នេសាទ និងយន្តហោះ កុំឱ្យធ្វើដំណើរឆ្លងកាត់តំបន់ដែនទឹកនេះ។
គួរបញ្ជាក់ផងដែរថា កងទ័ពជើងទឹកទាំងពីរបានធ្វើសមយុទ្ធរួមគ្នានៅដែនទឹកនៃសមុទ្រ Andaman កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ចិន និងរុស្ស៊ី គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់របបយោធាមីយ៉ាន់ម៉ា ដែលផ្តល់អាវុធ និងជំនួយផ្នែកការទូត ខណៈដែលយោធាមីយ៉ាន់ម៉ាកំពុងតស៊ូ ដើម្បីកម្ទេចក្រុមប្រឆាំងប្រដាប់អាវុធក្នុងស្រុក៕RT