(ភ្នំពេញ)៖ មកដល់រសៀលថ្ងៃទី៧ ខែមេសានេះ អធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងថា ប៉ូលីសកំពុងកសាងសំណុំរឿង បញ្ជូនសន្តិសុខយាមធនាគារ ABA ដែលបានបាញ់សម្លាប់យុវជនម្នាក់ កាលពីយប់ថ្ងៃទី៦មេសា ទៅតុលាការ នៅថ្ងៃទី៨មេសាស្អែកនេះ។

ករណីសន្តិសុខ ដែលជាប៉ូលីសយាមធនាគារ ABA នៅស្ពានអាកាសផ្សារដីហុយ បានបាញ់យុវជនម្នាក់ស្លាប់នោះ ត្រូវបានថតជាប់ក្នុងកាំម៉ារ៉ាសុវត្ថិភាព ហើយត្រូវបានមហាជនមួយចំនួន បញ្ចេញទស្សនៈ ឲ្យសម្រាលទោស ឬក៏ដោះលែងបុរសខ្មាន់កាំភ្លើងនោះ ព្រោះជាករណីការពារខ្លួនប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ការលើកឡើងអស់ទាំងនេះ ត្រូវបានលោក ហួរ ម៉េងវ៉ាង ឆ្លើយតបថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ប៉ូលីសត្រូវតែចាប់ខ្លួនជនដៃដល់ ហើយកសាងសំណុំរឿង បញ្ជូនទៅតុលាការ។ ការចោទប្រកាន់ ឬមិនចោទប្រកាន់ រឺក៏បន្ធូរបន្ថយទោស ឬយ៉ាងណានោះ ជាការសម្រេចរបស់តុលាការ។

សូមរម្លឹកថា ហេតុការណ៍ផ្ទុះអាវុធ បណ្តាលឲ្យស្លាប់យុវជនម្នាក់ នៅមុខធនាគារ ABA សាខាទឹកថ្លា នៅក្រោមស្ពានអាកាសផ្សារដីហុយ បានកើតឡើង កាលពីម៉ោងប្រមាណ ៩យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របាយការណ៍ប៉ូលីស បង្ហាញថា យុវជន ដែលស្លាប់ មានឈ្មោះ អ៊ូ សុផារ៉ាត់ អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១០៤ ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនបង្កការផ្ទុះអាវុធ ជាសន្តិសុខធនាគារ ABA ឈ្មោះ ភឿន ភិរៈ ភេទប្រុស អាយុ ៣៦ឆ្នាំ ជាមន្រ្តីនគរបាល នៅអង្គភាពតម្រួតបទបញ្ជា ស្នាក់នៅក្នុងអង្គភាព។

មន្រ្តីនគរបាលរូបនោះ បានប្រើប្រាស់កាំភ្លើង ម៉ាករ៉ូឡូមួយដើម បានបាញ់ចំនួន ៤គ្រាប់ លើជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះប្រើប្រាស់កាំបិតចុងស្រួច ស្ទុះទៅចាក់មន្រ្តីនគរបាល ដែលការពារយាមធានាគារ ដោយសារតែខឹងជួយការពារគូទំនាស់។

សកម្មភាពថតនៅក្នុងកាំម៉ារ៉ាសុវត្ថិភាព រួមទាំងសាក្សី បង្ហាញថា នៅវេលាយប់នោះ ខណៈពេលដែលសន្តិសុខ កំពុងតែអង្គុយយាម ស្រាប់តែមានយុវជនម្នាក់ ត្រូវបានគេដេញវាយ ហើយរត់ទៅអោយសន្តិសុខរូបនោះ ជួយ។ ភ្លាមៗ ជនដៃដល់រូបនោះ ក៏មកដល់ ហើយដើរចូលទៅដេញវាយជនម្នាក់នោះ ព្រមទាំងរុញ និងវាយទៅលើសន្តិសុខ ដែលជាមន្រ្តីនគរបាលរូបនោះ។

សកម្មភាព ដែលយុវជនទំនើង ដេញវាយគេឯងនោះ ហាក់ដូចកំរោលចូល ពុំខ្លាចអ្វីនោះទេ ដោយបានទាំងលោតធាក់ និងព្យាយាមដេញវាយសន្តិសុខថែមទៀតផង។ បន្ទាប់មកយុវជននោះ ក៏ចេញទៅបាត់។ សន្តិសុខយាមធនាគារ ក៏បានទៅយកកាំភ្លើង ក្នុងកាបូបនៅម៉ូតូ កាន់នៅដៃ និងដកកាំភ្លើងសៀតក្រវ៉ាត់នៅចង្កេះ។ ស្រាប់តែមួយសន្ទុះ ជនម្នាក់នោះ ក៏ធ្វើដំណើរមកទិសខាងកើត ដោយកាន់កូនកាំបិត នៅក្នុងដៃ មករករឿងម្តងទៀត ហើយស្ទុះចូលទៅប្រុងចាក់សន្តិសុខ ដែលជាមន្រ្តីនគរបាល។

មុនដំបូង សន្តិសុខរូបនោះ ដកកាំភ្លើងភ្ជង់គំរាម តែត្រូវជននោះ នៅតែស្ទុះចូលក៏ត្រូវសន្តិសុខនោះ បាញ់ជាបន្តបន្ទាប់ ចំនួន៤គ្រាប់ បណ្តាលអោយត្រូវចំនួន ២គ្រាប់ដួលស្លាប់ ពេលដេញចាក់សន្តិសុខនោះតែម្តង។

បន្ទាប់ពីផ្ទុះអាវុធ សន្តិសុខរូបនោះ ពុំបានរត់នោះទេ ដោយត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរពីដំណើររឿង ក្រោយមក នគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ក៏បានចុះទៅកន្លែងកើតហេតុ ហើយបញ្ជាអោយឃាត់ខ្លួនសន្តិសុខរូបនោះ បញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់។

ក្រោយកើតហេតុ កាលពីយប់ថ្ងៃទី៦មេសា ប៉ូលីស ក៏បានដកហូតកាំភ្លើងខ្លីម៉ាករ៉ូឡូមួយដើម ព្រមទាំងរកឃើញសំបកគ្រាប់ចំនួន ៤គ្រាប់។ តាមការពិនិត្យ សពត្រូវគ្រាប់កាំភ្លើង ចំនួន ២គ្រាប់ ១គ្រាប់ចំទ្រូង លើដោះស្តាំ និង ១គ្រាប់ទៀត ចំចង្កេះខាងស្តាំ។

ករណីប៉ូលីស យាមធនាគារ ABA ហើយបាញ់សម្លាប់យុវជនម្នាក់នេះ ត្រូវបានមហាជនមួយចំនួន ស្នើឲ្យច្បាប់បន្ធូរបន្ថយដល់ខ្មាន់កាំភ្លើង ព្រោះគេលើកឡើងថា ករណីនេះ គ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះ។

នៅលើហ្វេសប៊ុក មានមតិជាច្រើនគាំទ្រទង្វើរបស់សន្តិសុខ ហើយលើកឡើងនូវមាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ មកបញ្ជាថា «ការការពារស្របច្បាប់៖ បុគ្គលណា ដែលប្រព្រឹត្តបទល្មើស ក្នុងសភាពការពារស្របច្បាប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ការការពារស្របច្បាប់ ត្រូវមានលក្ខណ្ឌដូចខាងក្រោម៖ បទល្មើសត្រូវចាត់ទុកថា ត្រឹមត្រូវដោយការចាំបាច់ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ ប្រឈមមុខនឹងការឈ្លានពានមួយ ដែលមិនត្រឹមត្រូវ។ បទល្មើស និងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និងគ្មានវិសមាមាត្រ រវាងមធ្យោបាយការពារ ដែលប្រើប្រាស់ និងទម្ងន់នៃការឈ្លានពាន»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ