ប៉េកាំង៖ ប្រទេសចិនបានប្រកាសពីវិធានការរឹតបន្តឹងការគ្រប់គ្រងការនាំចេញយន្តហោះគ្មានមនុស្សបើកឬហៅកាត់ថា ដ្រូន និងឧបករណ៍ទាក់ទងនឹងដ្រូនមួយចំនួន ដោយអះអាងថាខ្លួនចង់ការពារសន្តិសុខនិងផលប្រយោជន៍របស់ជាតិ ខណៈដែលកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហាបច្ចេកវិទ្យា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០២ មិថុនា ២០២៣។
ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា វិធានការរឹតបន្តឹងលើឧបករណ៍ទាំងនោះរួមមាន ម៉ាស៊ីនដ្រូនមួយចំនួន ឡាស៊ែរ ឧបករណ៍ទំនាក់ទំនង និងប្រព័ន្ធប្រឆាំងដ្រូន។ ហើយវិធានការនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅ។
អ្នកនាំពាក្យក្រសួងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការគ្រប់គ្រងនេះ ក៏នឹងមានវិសាលភាពដល់ជនស៊ីវិលដែលប្រើប្រាស់ដ្រូនមួយចំនួនផងដែរ ហើយគ្មានដ្រូនស៊ីវិលណាមួយអាចត្រូវបាននាំចេញក្នុងគោលបំណងបម្រើដល់ប្រយោជន៍យោធានោះទេ។
អ្នកនាំពាក្យបាននិយាយថា «ការពង្រីកវិសាលភាពនៃការគ្រប់គ្រងដ្រូនរបស់ប្រទេសចិននៅពេលនេះ គឺជាវិធានការសំខាន់មួយដើម្បីបង្ហាញពីជំហររបស់យើង ថាជាតួអង្គសំខាន់ដែលមានការទទួលខុសត្រូវ អនុវត្តគំនិតផ្តួចផ្តើមការពារសន្តិសុខពិភពលោក និងរក្សាសន្តិភាពពិភពលោក»។ជាក់ស្ដែង អាជ្ញាធរបានជូនដំណឹងទៅកាន់បណ្ដាប្រទេសពាក់ព័ន្ធមួយចំនួនរួចស្រេចហើយ។
គួរដឹងដែរថា ចិនជាប្រទេសដែលមានឧស្សាហកម្មផលិតដ្រូនដ៏ធំហើយនាំចេញទៅកាន់ទីផ្សារជាច្រើននៅទូទាំងពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង