បូហ្គោតា៖ ប្រទេសកូឡុំប៊ីបានបញ្ជូនយន្តហោះផ្ទុកជំនួយមនុស្សធម៌ ចំនួនមួយតោន ទៅប្រគល់ជូនដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៦ តុលា ២០២៣។

ប្រទេសកូឡុំប៊ីបានបញ្ជូនជំនួយមនុស្សធម៌ទាំងនេះទៅ ក្នុងគោលបំណងសម្រាលទុក្ខលំបាករបស់សហគមន៍ប៉ាឡេស្ទីន ដែលរងគ្រោះដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស បណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ ទាំងសងខាង។

ក្រសួងការបរទេសប្រទេសកូឡុំប៊ី បានឲ្យដឹងថា យន្តហោះ Boeing 737-700នេះ ផ្ទុកទំនិញ រួមទាំងសម្ភារអនាម័យចំនួន ៦០០ ឈុត និងពូកសម្រាប់សម្រាក ចំនួន ១២០ ដែលបញ្ជូនចេញពីអង្គភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ របស់កូឡុំប៊ី។

ឯកអគ្គរដ្ឋទូតរបស់ប្រទេសកូឡុំប៊ីប្រចាំប្រទេសអាល់ហ្សេរី បាននិយាយថា យន្តហោះយោធានេះនឹងត្រូវចុះចត នៅអ៊ីស្រាអែល ដែរ ដើម្បីជម្លៀសជនជាតិកូឡុំប៊ី ប្រហែលមួយរយនាក់ត្រឡប់ ទៅមាតុប្រទេសវិញ។

យន្តហោះនេះនឹងឈប់នៅប្រទេសមួយចំនួន មុនពេលទៅដល់អាកាសយានដ្ឋាន El Arish នៅភាគខាងជើង ប្រទេសអេហ្ស៊ីប ជាកន្លែងដែលជំនួយទាំងនោះ នឹងត្រូវបញ្ជូន ទៅដល់គោលដៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ