ខេត្តសៀមរាប៖ សមត្ថកិច្ចចម្រុះ ក្រុងសៀមរាប បានរឹបអូសយកស្រូវពូជ របស់ក្រុមជនល្មើសដែលបានដឹកទៅដាក់នៅលើចុងឈើ ទុកសម្រាប់សាបព្រោះ នៅលើដីលិចទឹកដែលជាតំបន់ហាមឃាត់ បានចំនួនបីតោន។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរៀបចំកំណត់ហេតុបញ្ជូនវត្ថុតាង (ស្រូវពូជ) ទៅមន្ទីរជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។
ហេតុការណ៍ធ្វើថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ដោយអនុវត្តតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំដោយ លោកវរសេនីយ៍ទោ មឿន បុរី អធិការរងនគរបាលក្រុងសៀមរាប និងលោក ហាយ យង់ ប្រធានការិយាល័យសាធារណៈការ អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្រុង សហការជាមួយមន្ត្រីមន្ទីរកសិកម្ម បរិស្ថាន នឹងសង្កាត់ស្រង៉ែ សង្កាត់សំបួរ សង្កាត់ក្របីរៀល និងសង្កាត់ស្វាយដង្គំ ផងដែរ។
មន្ត្រីសាលាក្រុងសៀមរាបបានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺដោយគោលការណ៍ ចុះទៅបង្ក្រាបបទល្មើស កាប់ទន្ទ្រាន ឈូសឆាយ ព្រៃលិចទឹក នៅភូមិសាស្ត្រវាលត្រពាំងរហាល ត្រពាំងដំរីលេង ត្រពាំងផ្ទោលធំ ដើម្បីធ្វើស្រូវរដូវប្រាំង របស់ជនល្មើសមួយចំនួន៕