ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់ ដែលក្រុមយុវជន ឬជាងម៉ូតូមួយក្រុមមានគំនិតច្នៃប្រឌិត ដោយបានរួមគ្នាបង្កើតជាសត្វផ្សេងៗពីគ្រឿងបន្លាស់ម៉ូតូចាស់ៗដែលគេបោះចោល។ ឥឡូវនេះ សត្វដែលធ្វើពីគ្រឿងបន្លាស់ម៉ូតូចាសៗដែលគេបោះចោលនោះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ ដោយសារតែជំងឺកូវីដ បានធ្វើឱ្យពួកគេរួមគំនិតគ្នាធ្វើរូបសត្វពីគ្រឿងបន្លាស់ម៉ូតូដែលគេបោះចោលដើម្បីលក់ ដែលជាការរកចំណូលបន្ថែម បន្ទាប់ពីការងារជាងម៉ូតូរបស់ពួកគេស្ងាត់ភ្ញៀវនោះមក ។

លោក កង សុធា ជាស្ថាបនិកក្រុមសិល្បៈដែក OMA ដែលជាអ្នកផ្តួចផ្តើមគំនិតធ្វើការងារនេះបានរៀបរាប់ថា ខ្ញុំទើបតែចាប់ផ្តើមធ្វើរូបភាពសត្វផ្សេងៗ ពីគ្រឿងបន្លាស់ម៉ូតូ ឬ យានយន្ត ដែលគេបោះចោលនេះ បានរយៈពេលជាង ២ខែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ខ្ញុំជាអ្នកលក់ប្រេងម៉ាស៊ីនម៉ូតូ ខ្ញុំបានដើរលក់ ឬចែកចាយឱ្យជាងម៉ូតូ ដែលជាម៉ូយរបស់ខ្ញុំ។ ដើមហេតុ ដែលនាំឱ្យមានគំនិតច្នៃប្រឌិតបែបនេះ គឺមកពីបញ្ហាជំងឺកូវីដនេះតែម្តង និយាយទៅចាប់តាំងពីមានបញ្ហាកូវីដមក ជាងម៉ូតូ ដែលជាម៉ូយរបស់ខ្ញុំ តែងតែបានត្អូញត្អែរអំពីការរកលុយ ។ ដោយពួកគេតែងតែលើកឡើងថា ភ្ញៀវមកធ្វើម៉ូតូកាន់តែមានការថយចុះ ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកខ្លះ ក៏ដាច់ចិត្តផ្អាកអាជីវកម្មរបស់គាត់ក៏មាន ពេលនោះខ្ញុំក៏មិនដឹងថា គិតម៉េចដែរ។

មិនយូរប៉ុន្មានខ្ញុំក៏មានគំនិតមួយដើរមើល ខាងក្រោយផ្ទះរបស់ពួកគាត់ ឃើញសុទ្ធតែគ្រឿងបន្លាស់ម៉ូតូចាស់ៗ ដែលគេបោះចោល ហើយខ្ញុំក៏ឆែកមើលអ៊ិនធើណេត ហើយក៏បែកគំនិតមួយ ហើយសួរពួកគាត់ថា ប្រសិនបើយើងច្នៃគ្រឿងបន្លាស់ ដែលបោះចោលនោះ ចេញជាសត្វផ្សេងៗ ស្អាតៗនោះយ៉ាងម៉េចដែរ?។ យើងបានព្យាយាមជជែកគ្នាពីរ ឬបីដង ហើយបានធ្វើការសិក្សាជ្រាវតាមអ៊ិនធើណេតបន្ថែមទៀតថា តើនៅស្រុកថៃ ឬ ស្រុកគេធ្វើយ៉ាងម៉េច?។ ហើយខ្ញុំបានបំផុសគំនិតម្តងហើយ ម្តងទៀតដល់ពួកគាត់ រហូតដល់ពួកគាត់សម្រេចចិត្តថាធ្វើវាឡើង ដោយពួកយើងបានបង្កើតជាក្រុមមួយសាកល្បងធ្វើវា មុនដំបូងយើងសាកល្បងធ្វើរូបខ្យាដំរីមុនគេ ដែលសត្វខ្យាដំរីនេះធ្វើពីច្រវាក់កងម៉ូតូ។ ប៉ុន្តែយើងមិនយកតាមគេនោះទេ យើងគ្រាន់តែយកលំនាំតែប៉ុណ្ណោះ នៅពេលយើងធ្វើវា មើលទៅដៃរបស់គាត់គាត់ដូចថ្នឹក មើលទៅដូចគាត់មានការពេញចិត្តខ្លួនឯង ហើយខ្ញុំក៏មានការពេញចិត្តដែរ ប្រជាពលរដ្ឋដែលឃើញសត្វខ្យាដំរីនេះ មានការចាប់អារម្មណ៍ ហើយយើងក៏មានទឹកចិត្តក្នុងការធ្វើវា។

ដោយសារតែមានចាប់អារម្មណ៍ និង គាំទ្រពីសំណាក់មហាជន ធ្វើឱ្យពួកយើងមានទឹកចិត្តធ្វើវាបន្តទៀត។ ដូច្នេះយើងជួយគ្នាក្នុងការដោះស្រាយរកប្រាក់ចំណូល នៅកំឡុងពេលជំងឺកូវីដចូលរាតត្បាតនេះ។ ហើយយើងឃើញលក់ឱ្យអេតចាយវាថោកពេក បើយើងយកមកច្នៃជាសិល្បៈ អាចលក់បានថ្លៃ។ ឥឡូវនេះយើងធ្វើបានរូបកណ្តូបបុងស្រូវ រូបពីងពាង បង្កង នាគ ខ្យាដំរី ក្អែប កន្ទុំរុយ ហើយកំពុងតែធ្វើមនុស្សយន្តធំមួយ ដែលមានកម្ពស់ប្រហែល២ម៉ែត្រ ដំណើរការបានប្រហែលជា៥០ភាគរយហើយ។ ផែនការអាជីវកម្មយើងធ្វើទាំងធំ ទាំងតូច ហើយយើងបានពិភាក្សាគ្នា និងចាប់ដៃគ្នាធ្វើវា ដែលជាមុខរបរ ឬអាជីវកម្មរបស់យើងទៅថ្ងៃអនាគត។

វត្ថុ ឬ សត្វនិមួយៗដែលយើងធ្វើនោះ ដំណាក់កាលដំបូងនេះ យើងប្រើពេលវេលាជាមធ្យមពី មួយថ្ងៃទៅ ៣ថ្ងៃយ៉ាងយូរ ទៅតាមប្រភេទសត្វ។ មកដល់ពេលនេះ យើងលក់បានសត្វចំនួន៤ រួមមាន៖សត្វក្អែប នាគ កន្ទុំរុយ និង សត្វពីងពាង។ ពីងពាងលក់បានតម្លៃ ៨០ដុល្លារ ហើយសត្វកន្ទុំរុយលក់បានថោកជាងគេ លក់បាន២០ដុល្លារប៉ុណ្ណោះ។ យើងនឹងពង្រីកអាជីវកម្មរបស់យើងបន្តទៀត។

បច្ចុប្បន្ននេះ យើងមានជាងសកម្មចំនួន ៤នាក់ហើយ សុទ្ធតែជាជាងម៉ូតូទាំងអស់ ពួកគាត់ធ្វើនៅតាមកន្លែងរៀងខ្លួន ប៉ុន្តែក្នុងមួយសប្តាហ៍ពួកយើងណាត់គ្នា មកធ្វើជុំគ្នាម្តង លុយដែលយើងលក់បាន យើងបានបង្កើតគណនីធនាគាររួមមួយ កាលណាយើងត្រូវការបើកយើងមានលក្ខខណ្ឌរបស់យើង។ ហើយទីតាំងសិប្បកម្មកែច្នៃធ្វើរូបសត្វពីគ្រឿងបន្លាស់ម៉ូតូនេះ ស្ថិតនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ