បន្ទាយមានជ័យ ៖ កងកម្លាំងព្រំដែនថៃ បានចាប់ផ្តើមរាយរបងលួសបន្លាយ៉ាងវែងជាថ្មី នៅតំបន់ តាប្រាយ៉ា និងអារញ្ញប្រាថេតដែលជាកន្លែងពលករខ្មែរតែងតែលួចឆ្លងដែនខុសច្បាប់។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុករបស់ថៃ។

ប្រភពព័ត៌មាន បានរាយការណ៍ថា ការរាយលួសបន្លានៅលើកនេះ គឺបន្ទាប់ពីមានពលករខ្មែរ បានប្រថុយឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ កាត់ភូមិសាស្ត្រស្រុកតាប្រាយ៉ា និងស្រុកអារញ្ញា្ញប្រថេត ក្នុងខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ របស់កម្ពុជា  ជាបន្តបន្ទាប់។ 

មន្ត្រីនៃកម្លាំងនគរបាលការពារព្រំដែនវរៈសេនាតូចលេខ៨០៧, វរៈ៩១១ និងវរៈ៨៩១ និងកម្លាំងយោធាការពារព្រំដែនលេខ៥០៣ នៃខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា កងកម្លាំងចម្រុះរបស់ថៃរួមមាន យោធាបូរផា កងកម្លាំងពិសេស តាប្រាយ៉ា រួមជាមួយកម្លាំងនគរបាលល្បាតព្រំដែន ១២ បានបន្ថែមការធ្វើរបងលួសបន្លាដែលទទួលបានការឧបត្ថម្ភពីមជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគ ១ ចំនួន ៣០០ដុំ ដើម្បីយកមករាយក្នុងបរិវេណដែលទទួលខុសត្រូវដោយកងប្រចាំការពិសេស តាប្រាយ៉ា ក្នុងខេត្តស្រះកែវ ជាប់ព្រំប្រទល់ជាប់ខេត្តបន្ទាយមានជ័យ។

សូមជ្រាបថា ការរាយលួសបន្លារបស់កងកម្លាំងព្រំដែនថៃ ប្រឆាំងនឹងការលួចឆ្លងដែនរបស់ពលរដ្ឋខ្មែរបែបនេះ មិនមែនទើបតែធ្វើឡើងលើកនោះទេ គឺបានធ្វើច្រើនលើកមកហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ