លេចមុនមនុស្សទី២ ដែលអាចឡើងកាន់ដំណែងជំនួសលោក គឺម ជុងអ៊ុន
កូរ៉េខាងជើង៖ បើទោះបីជាមានការសន្និដ្ឋានថា ប្អូនស្រីរបស់លោក គីម ជុងអ៊ុន និងជាមនុស្សជំនិតបំផុតរបស់លោកគឺលោកស្រី គីម យ៉ូចុង អាចនឹងក្លាយជាអ្នកស្នងតំណែងបន្ទាប់ ក្នុងការគ្រប់គ្រងប្រទេសកូរ៉េខាងជើងយ៉ាងណាក្ដី ឪពុកមារបស់មេដឹកនាំរូបនេះគឺលោក គីម ប្យុងអ៊ីល ក៏បានលេចមុខអាចជាអ្នកស្នងតំណែងដែរ។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា បុរសវ័យ ៦៥ឆ្នាំគឺជាអ្នករស់រានមានជីវិតចុងក្រោយដែលគេបានស្គាល់ថា ជាកូនប្រុសរបស់ស្ថាបនិកលោក គីម អ៊ីលស៊ុង របស់រដ្ឋឯកោមួយនេះ ដែលខួបកំណើតទី ១០៨ឆ្នាំរបស់លោក ចៅប្រុសរបស់លោក គីម អ៊ីលស៊ុង ខកខានមិនបានចូលរួមកាលពីថ្ងៃទី១៥ ខែមេសា បង្កឱ្យមានពាក្យចចាមអារ៉ាមជាច្រើនអំពីជោគវាសនារបស់លោក គីម ជុងអ៊ុន។ នៅទសវត្សឆ្នាំ១៩៧០ លោក គីម ប្យុងអ៊ីល ត្រូវបានដណ្ដើមអំណាចដោយបងប្រុសម្ដាយទីទៃរបស់លោកគឺលោក គីម ជុងអ៊ីល ដែលបានគ្រប់គ្រងរជ្ឋកាលនៃរបបផ្ដាច់ការនេះក្នុងឆ្នាំ១៩៩៤ និងបានកាន់អំណាចរហូតដល់ឆ្នាំ២០១១។
លោក គីម ប្យុងអ៊ីល បានចំណាយពេលប្រមាណ ៤០ឆ្នាំជាអ្នកការទូតនៅប្រទេសហុងគ្រី, ប៊ុលហ្គារី, ហ្វាំងឡង់, ប៉ូឡូញ និងសាធារណរដ្ឋឆេក មុនពេលលោកវិលត្រឡប់មកប្រទេសវិញកាលពីឆ្នាំមុន។ អ្នកឃ្លាំមើលបញ្ហាប្រទេសកូរ៉េខាងជើងខ្លះគិតថា លោកអាចមានប្រៀបជាងលោកស្រី គីម យ៉ូចុង ក្នុងការដឹកនាំប្រទេស ជាពិសេសដោយសារភេទរបស់លោក នៅក្នុងសង្គមដែលតម្រូវឲ្យមនុស្សប្រុសជាអ្នកដឹកនាំ៕