អគ្គនាយកពន្ធនាគារ អនុញ្ញាឲ្យសាច់ញាតិ សួរសុខទុក្ខអ្នកជាប់ឃុំ និងរៀបចំពិធីសាសនា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្នំពេញ ៖ អគ្គនាយកពន្ធនាគារ បានអនុញ្ញាតឲ្យសាច់ញាតិសួរសុខទុក្ខជនជាប់ឃុំ ផ្តល់ម្ហូបអាហារ និងរៀបចំពិធីសាសនា នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានពន្ធនាគារ នាពេលថ្មីៗនេះ បានឲ្យដឹងថា អនុញ្ញាតឲ្យរៀបចំពិធីផ្សេងៗ តាមបែបសាសនា ដែលមានលក្ខណៈចង្អៀត និងត្រូវរក្សាឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល។
អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា «អនុញ្ញាតឲ្យសាច់ញាតិអាចមកជួបសួរសុខទុក្ខជនជាប់ឃុំ និងផ្តល់ម្ហូបអាហារ និងសម្ភារៈផ្សេងៗសម្រាប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត ដែលស្ថិតក្នុងតំបន់ហានិភ័យទាប នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិ ចំពោះមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដែលស្ថិតក្នុងតំបន់ហានិភ័យខ្ពស់ មិនត្រូវបានអនុញ្ញាតឲ្យជួបសួរសុខទុក្ខនោះទេ តែអាចផ្ញើ ម្ហូបអាហារ និងសម្ភារៈផ្សេងៗបាន តាមរយៈមន្ត្រីពន្ធនាគារដោយអនុវត្តឲ្យបាន ម៉ឹងម៉ាត់នូវវិធានការសុខាភិបាល»៕EB