ក្រសួងអប់រំ យុវជន និងកីឡា គ្រោងដាក់បញ្ចូលមេរៀនស្តីពីការទប់ស្កាត់ការជួញដូរមនុស្សទៅក្នុងកម្មវិធីសិក្សាកម្រិតបឋមសិក្សា និងមធ្យមសិក្សា
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងបញ្ចូលមេរៀនស្តីពីការទប់ស្កាត់ការជួញដូរមនុស្សទៅក្នុងកម្មវិធីសិក្សាកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដើម្បីចូលរួមទប់ស្កាត់ការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ។
លោក រស់ សុវាចា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ យុវជននិងកីឡា បានសហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីកសាងនូវឯកសារសម្រាប់ធ្វើការបញ្ចូលមេរៀនមួយចំនួនទៅក្នុងកម្មវិធីសិក្សានៅកម្រិតបឋមសិក្សានិងមធ្យមសិក្សា តាមរយៈការបញ្ជ្រាបជាមួយខ្លឹមសារ សិទ្ធិ ច្បាប់ អនុសញ្ញាអន្តរជាតិនានា នៅតាមមុខវិជ្ជាមួយ ចំនួនដូចជា សិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ភាសាខ្មែរ វិទ្យាសាស្ត្រ ដើម្បីឱ្យសិស្សានុសិស្សបានយល់ ដឹងពីវិធីបង្ការទប់ស្កាត់ការជួញដូរមនុស្សនៅក្នុងសាលា រៀន ក៏ដូចជាក្នុងចំណោមយុវវ័យផងដែរ។
លោកបញ្ជាក់ថា តាមរយៈការដាក់បញ្ចូលខ្លឹមសារនៃការយល់ដឹងលើវិធានការទប់ស្កាត់ការជួញដូរមនុស្សក្នុងកម្មវិធីសិក្សានេះ ក្រសួង ក៏បានដាក់បញ្ចូលនូវខ្លឹមសារពាក់ព័ន្ធផ្សេងទៀតទៅក្នុងមេរៀនការទប់ស្កាត់បទល្មើសនានាដូចជា បទល្មើសគ្រឿង ញៀន បទល្មើសព្រហ្មទណ្ឌ បទល្មើសការជួញដូរផ្លូវភេទ បទល្មើសការជួញដូរមនុស្ស ជាដើម។
លោកមានប្រសាសន៍ថា «ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ចូលខ្លឹមសារនៃការយល់ដឹងលើវិធានការទប់ស្កាត់ការជួញដូរមនុស្សក្នុងកម្មវិធីសិក្សាកម្រិតបឋម សិក្សា និងមធ្យមសិក្សា។ ជាក់ស្តែង ក្រសួងបានបញ្ជ្រាបជាមួយខ្លឹមសារ សិទ្ធិ ច្បាប់ អនុសញ្ញាអន្តរជាតិនានា នៅតាមមុខវិជ្ជាមួយចំនួនដូចជា សិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ភាសាខ្មែរ វិទ្យាសាស្ត្រ។ ខ្លឹមសារពាក់ព័ន្ធផ្សេងទៀតមានបញ្ចូលក្នុងមេរៀនការទប់ស្កាត់បទល្មើសនានាដូចជាបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ បទល្មើសការជួញដូរផ្លូវភេទ បទល្មើសការជួញដូរមនុស្ស»។
សូមបញ្ជាក់ថា ការជួញដូរមនុស្សនៅតែបន្តកើតមាន ទោះបីឋិតក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ–១៩ ហើយបណ្តាប្រទេសជិតខាងកម្ពុជា បានបិទច្រកចេញចូលក៏ដោយ ។ ពួកឱកាសនិយម បានលួងលោមប្រជាពលរដ្ឋ តាមគ្រប់រូបភាពផ្សេងៗ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយនាំទៅធ្វើការនៅក្រៅប្រទេស តាមផ្លូវកាត់ ប្រកបដោយគ្រោះថ្នាក់ ឬតាមរយៈអាពាហ៍ពិពាហ៍ ជាមួយប្តីបរទេសជាដើម ៕EB