កម្ពុជា កំពុងធ្វើការជាមួយភាគីថៃ ក្នុងការរិះរកនីតិវិធីបើកច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន និងធ្វើការជាមួយវៀតណាម បើកច្រកទ្វារព្រំដែន ព្រៃវល្លិ៍-ព្រែកចាក
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃ ក្នុងការរិះរកនីតិវិធីបើកច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើក ច្រកទ្វារព្រំដែន ព្រៃវល្លិ៍-ព្រែកចាក សម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែល កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នាពេលថ្មីៗកន្លងទៅនេះ ប្រទេស កម្ពុជា និងប្រទេសជាសមាជិកអាស៊ាន បានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ ខណៈ ពេលវិស័យនេះកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩។
បច្ចុប្បន្ននេះសមាជិកអាស៊ានទាំងអស់កំពុងពិភាក្សារកវិធីសម្របសម្រួលការដឹកជញ្ជូនឱ្យមានភាព ប្រសើរឡើង ដោយក្នុងនោះមានកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានចំនួន៤បានចាប់ផ្តើមអនុវត្តជាជំហានៗ ដើម្បីស្តារការដឹកជញ្ជូនក្នុងតំបន់ឡើងវិញ ប៉ុន្តែដោយសារតែបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ ការអនុវត្ត កិច្ចព្រមព្រៀងទាំងនេះបានជួបប្រទះនូវបញ្ហារអាក់រអួល។
ជាមួយគ្នានេះផងដែរ ភាគីកម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃក្នុងការរិះរកនីតិវិធីបើកច្រកទ្វារ ព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍-ព្រែកចាកផងដែរ។
ប្រភពដដែល បន្ដថា ប្រសិនបើច្រកទ្វារទាំងនេះត្រូវបានបើកដំណើរការ វានឹងជួយសម្រួលដល់ការដឹក ជញ្ជូនទំនិញ ជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ បើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិ ការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។
ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំប្រែងប្រែងពង្រីក និងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រក ទ្វារព្រំដែនបាវិត ព្រំដែនកម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យបានឆាប់រហ័សទៅមកជាមួយភាគីវៀតណាម។
ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនទំនិញនៅក្នុងតំបន់អាស៊ាននៅតែមានភាពល្អប្រសើរជាទូទៅ ទោះបីជាមានឧបសគ្គខ្លះក្នុងកំឡុងពេលមានជំងឺរាលដាល។ ការដឹកជញ្ជូនរបស់បណ្តាប្រទេសអាស៊ាន ត្រូវបានរាំងស្ទះដោយសារតែសមាជិកអាស៊ានបានរឹតបន្តឹងសន្តិសុខផ្ទៃក្នុងរបស់ខ្លួនរៀងៗខ្លួន ក្នុងនោះ ប្រទេសនីមួយៗរបស់អាស៊ានបានរឹតបន្ដឹងការឆ្លងកាត់ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ឧទាហរណ៍ពីមុន គេអាចដឹកទំនិញបានក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវត្រូវចំណាយពេលពី២ទៅ៣ថ្ងៃ ទើបអាចធ្វើទៅបាន។ ចំពោះ ការដឹកជញ្ជូនទ្វេភាគីនៅតែមានភាពរលូនបន្ទាប់ពីមានវិបត្តិកូវីដ-១៩ អស់រយៈពេលជាង មួយឆ្នាំកន្លង ទៅ។
សូមជម្រាបជូនថា៖ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លេខាធិការដ្ឋានអាស៊ាន បានរៀបចំសិក្ខា សាលាលើកទីមួយលើកសាងសមត្ថភាពថ្នាក់តំបន់តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមប្រធានបទ៖ “ការ រក្សាការតភ្ជាប់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព និងភាពធន់” សហការជាមួយអង្គការUNESCAP និងវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) ដើម្បីប្រមូលធាតុចូល និងស្វែងរកដំណោះស្រាយចំពោះបញ្ហានៃការដឹកជញ្ជូនរបស់អាស៊ានក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយ មានការចូលរួមពីតំណាងរដ្ឋជាសមាជិកអាស៊ានទាំងអស់ នៅទីក្រុងJakarta ប្រទេសឥណ្ឌូនេស៊ី៕