រដ្ឋមន្រ្តីយុត្តិធម៌ ស្នើព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានជាបន្ទាន់ និងតឹងរឹងបំផុតលើ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្ញើលិខិតទៅ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់ អង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។
សូមជម្រាបថា លោក សម រង្ស៉ី បានបង្ហោះសារតាមបណ្តាញសង្គម Facebook របស់ខ្លួនកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដែលមានខ្លឹមសារថា «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរស ជន ដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ»។
យោងតាមលិខិតរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក កើត រិទ្ធ បានចាត់ទុកថា ខ្លឹមសារនៃសារដែលឈ្មោះសម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស។
លោកបន្តថា ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្ម នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ៕EB