ជប៉ុន ស្នើកម្ពុជា រួមគ្នាទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ខណៈបទល្មើសនេះ បានធ្វើឲ្យជនជាតិជប៉ុន បាត់បង់លុយរាប់ពាន់លានដុល្លារ
ភ្នំពេញ ៖ លោក Yoshimi Ogata អគ្គនាយករងទទួលកិច្ចការបរទេស នៃទីភ្នាក់ងារជាតិនគរបាលជប៉ុន បានស្នើ សុំដល់នគរបាលកម្ពុជា រួមគ្នាទប់ស្កាត់ និងបង្រ្កាបបទល្មើសតាមអនឡាញឲ្យបានសកម្ម និងទាន់ពេលវេលាបន្ថែមទៀត ខណៈបច្ចុប្បន្ននេះជនជាតិជប៉ុនរបស់លោក បានបាត់បង់ថវិការាប់ពាន់លានដុល្លារអាមេរិក ដោយសារតែបទល្មើសបច្ចេកវិទ្យាដ៏ទំនើបមួយនេះ។
ការស្នើសុំកិច្ចសហការជាមួយនគរបាលកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅប្រទេសឡាវ ខណៈដែលភាគីទាំងពីរអញ្ជើញទៅចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤១ ដែលប្រ ទេសឡាវធ្វើជាម្ចាស់ផ្ទះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ស្តីពីលទ្ធផលនៃការចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤១ រដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ លោក Yoshimi Ogata បានលើកឡើងករណីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ទាំងក្នុងសកលលោក ក្នុងតំបន់ និងក្នុងប្រទេសជប៉ុន ដែលបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋជប៉ុនជាច្រើននាក់ រងគ្រោះបាត់បង់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាអាមេរិក។
ជាមួយនឹងការផ្តល់កិច្ចសហការពីសំណាក់នគរបាលជាតិកម្ពុជា ដែលបានបង្ក្រាបមុខសញ្ញាមកសម្ងំលាក់ខ្លួនលួចលាក់ប្រព្រឹត្តបទល្មើសឆបោកឆ្លងដែនជាច្រើនករណីធំៗ តាងនាមឲ្យ អគ្គស្នងការ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន បានគោរពស្នើសុំនគរបាលជាតិកម្ពុជា បន្តផ្តល់កិច្ចសហការឲ្យបានជិតស្និទ្ធ និងរឹងមាំថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាទំនើបនេះទាន់ពេលវេលា។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា មិនត្រឹមថែប្តេជ្ញាបន្តថែរក្សានូវទំនាក់ទំនងដែលមានពីមុនជាមួយទីភ្នាក់ងារនគរបាលជាតិជប៉ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែនឹងបន្តធ្វើការពូនជ្រុំសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់នេះ ឲ្យកាន់តែទូលំទូលាយ រឹងមាំ ជិតស្និទ្ធ និងស៊ីជម្រៅប្រកបដោយវឌ្ឍនភាព៕EB