ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប្ដេជ្ញាទប់ស្កាត់ និងបង្ក្រាប ឱ្យបានទាន់ពេលវេលានូវការប៉ុនប៉ងបង្កចលាចលក្នុងសង្គម និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមគ្រប់រូបភាព មិនឱ្យកើតមានឡើងនៅលើទឹកដីកម្ពុជា ជាដាច់ខាត។

ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត បានប្ដេជ្ញាគោរព និងអនុវត្តតាមគោលការណ៍ និងលក្ខន្តិកៈនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួនបំផុត ព្រមទាំងប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីនៅក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ។

នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាល បានគូសបញ្ជាក់ថា «ធានាថែរក្សាការពារឱ្យបានគត់ម៉ត់នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមល្អប្រសើរ ព្រមទាំងចូលរួមការពារ ឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាពិសេស ទប់ ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវការប៉ុនប៉ងបង្កចលាចលក្នុងសង្គម និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមគ្រប់រូបភាព មិនឱ្យកើតមាន ឡើងនៅលើទឹកដីកម្ពុជាជាដាច់ខាត»។

នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាល បន្ដថា ខិតខំប្រឹងប្រែងលើកកម្ពស់ការបំពេញតួនាទី ភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ដោយប្រកាន់ខ្ជាប់នូវច្បាប់ វិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងមនសិការស្នេហាជាតិ ដើម្បីធ្វើជាបង្អែកដ៏កក់ក្ដៅរឹងមាំរបស់សង្គមជាតិ និងប្រជាជនកម្ពុជា ព្រមទាំងខិតខំ លើកតម្កើងមុខមាត់ កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិនៅក្នុងយុគសម័យថ្មីនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ