ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ ត្រូវរួមគ្នាធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសឌីជីថល នាថ្ងៃអនាគត
សៀមរាប ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសនៅក្នុងពិភពលោកកំពុងតែមានការអភិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យា។ ដូចនេះ ប្រទេសកម្ពុជាក៏កំពុងតែធ្វើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានេះដែរ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា លេីកឡេីងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសលោក ប្រាក់ សោភ័ណ ចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជំនួសលោក ទៀ សីហា ត្រូវបានឡើងមុខតំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្ដមអភិសន្តិបណ្ឌិត អះអាងថា "នៅថ្ងៃអនាគតយើងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសឌីជីថល ដោយយើងត្រូវការប្រើកត្តាពីរសំខាន់ ទី១ កត្តាសម្ភារ ទី២ កត្តាធនធានមនុស្ស ឬបុគ្គល"។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ក្រសួងនឹងផ្ដល់ឱកាសជាអាទិភាពសម្រាប់ជ្រើសរើសមន្ត្រីរាជការផ្នែកឌីជីថលនាពេលខាងមុខឆាប់ៗនេះ។ ជាមួយគ្នានេះ ឯកឧត្ដមអភិសន្តិបណ្ឌិតបន្តថា នឹងមានការស្នើសុំទៅឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការសម្របសម្រួលការផ្ទេរកម្មសិទ្ធិពីឪពុកម្តាយមកកូនតាមប្រព័ន្ធឌីជីថល ដោយប្រើពេលយ៉ាងយូរ៥នាទី ដោយមិនអស់ថវិកាអ្វីទាំងអស់៕EB