ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ដល់អនុសាសន៍ដល់អត្តពលិកក្រសួងមហាផ្ទៃ បន្តគោរពវិន័យ និងមានផែនការហ្វឹកហាត់ច្បាស់លាស់!
ក្រសួងមហាផ្ទៃ ៖ ក្នុងពិធីសំណេះសំណាលជាមួយ ប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរចំពោះប្រតិភូ និងអត្តពលិកទាំងអស់ ដែលបានចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Police & Fire Games នៅឯប្រទេសកាណាដា ដោយបានទទួលលទ្ធផលគួរជាទីមោទកៈ ជាពិសេសប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីក្រសួងមហាផ្ទៃ បានគោរពវិន័យយ៉ាងខ្ជាប់ខ្ជួន។
ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ថា ក្នុងនាមជាកីឡាករកីឡាការិនី ហើយជាពិសេសជាសមត្ថកិច្ចថែមទៀត ប្រសិនបើវិន័យធូររលង់ ឬមិនគោរពវិន័យ នោះលទ្ធផលនឹងមិនទទួលបានល្អឡើយដូចនេះ។
ទន្ទឹមនឹងលទ្ធផលជាវិជ្ជមានពីការប្រកួត World Police & Fire Games នៅប្រទេសកាណាដា ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី បន្តគោរពវិន័យ បង្កើនការហ្វឹកហាត់ និងរក្សាឱ្យបានសាមគ្គីក្នុងក្រុមក្នុងអង្គភាពឱ្យកាន់តែរឹងមាំ។ ដូចគ្នានេះដែរ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏គួសិក្សារៀបចំព្រឹត្តិការណ៍កីឡាក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយមិនរង់ចាំតែបញ្ជូនប្រតិភូ និងកីឡាករកីឡាការិនី ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នៅឯបរទេសនោះទេ។ ចំពោះព្រឹត្តិការណ៍ប្រកួតនីមួយៗដែលរៀបចំទៀតសោត ក៏ពុំគួរឱ្យមានកីឡាករកីឡាការិនីជម្រើសជាតិ ចូលរួមប្រកួតនោះដែរ ពោលគឺត្រឹមតែជានគរបាលដែលកំពុងបម្រើការងារចំណុះក្រសួងមហាផ្ទៃជាការសមស្រប ព្រោះក្នុងគោលបំណងបង្កើនទំនាក់ទំនងជិតស្និទ្ធពីអង្គភាពមួយទៅអង្គភាពមួយចំណុះក្រសួង។
ដើម្បីប្រសិទ្ធភាព និងគុណផលកីឡាក្រោមឱវាទក្រសួងមហាផ្ទៃនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានលើកជាអនុសាសន៍ឱ្យសិក្សាបង្កើតគណៈកម្មការរៀបចំការប្រកួត ដោយរៀបចំផែនការហ្វឹកហាត់ ផែនការប្រកួត តាមដានរាល់ការប្រកួត និងបញ្ជូនកីឡាករកីឡាការិនីចូលរួមគ្រប់ការប្រកួត គ្រប់កម្រិត ដើម្បីបង្កើនសមត្ថភាព ដកពិសោធន៍ និងមានភាពស៊ាំគ្រប់ស្ថានការ។ ក្រៅពីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានផ្ដល់យោបល់ជូនអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ គួរសិក្សាបង្កើតក្រុមការងារគ្រប់គ្រង Data Base សម្រាប់គ្រប់គ្រងប្រមូលផ្ដុំព័ត៌មានកីឡាករកីឡាការិនីផងដែរ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃទៀតថា រាជរដ្ឋាភិបាលថ្មី ក្រោមមគ្គទេសក៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តយកចិត្តទុកដាក់ និងលើកកម្ពស់លើវិស័យអប់រំកាយ និងកីឡា ទាំងក្នុងក្របខណ្ឌស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនោះក្រសួងមហាផ្ទៃជាតួអង្គសំខាន់មួយដែរ។ ការពង្រីកសកម្មភាព និងលើកកម្ពស់វិស័យកីឡាទាំងស៊ីវិល និងកងកម្លាំងនេះ គឺដើម្បីផ្តល់ឱកាសដល់ពលរដ្ឋទូទៅ ទទួលបានការកម្សាន្ត សុខមាលភាព និងកាយសម្បទារឹងមាំ តាមរយៈវិស័យអប់រំកាយ និងកីឡា ជាពិសេសជាយន្តការឱ្យប្រជាពលរដ្ឋបានបញ្ចេញទេពកោសល្យក្នុងវិស័យនេះ៕EB