ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងពីភាពចាំបាច់ដែលអាស៊ានត្រូវបន្ដពង្រឹងស្មារតីសាមគ្គីភាព ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងរួមគ្នាដោះស្រាយបញ្ហាជាច្រើនទៀត ក្នុងក្របខណ្ឌនៃឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ។

ក្នុងពិធីប្រគល់-ទទួល តួនាទីជាប្រធានប្ដូរវេន រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ ឆ្នាំ២ ០២២ បន្ដពីប្រទេសព្រុយណេ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ស ខេង បានរីករាយចំពោះតួនាទីដ៏មានសារៈសំខាន់នេះ ដែលមិនត្រឹមតែជាមោទកភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការចូលរួមចំណែក និងការទទួលខុសត្រូវចំពោះអនាគតរបស់សហគមន៍ ក្នុងនាមកម្ពុជា ជារដ្ឋសមាជិកអាស៊ាន។


សម្ដេច បានបញ្ជាក់ថា «ភាពចាំបាច់ដែលអាស៊ានត្រូវបន្តពង្រឹងស្មារតី សាមគ្គីភាពរឹងមាំ និងការជួយគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងទាំងបញ្ហាជំងឺកូវីដ-១៩ និងរួមគ្នាដោះស្រាយបញ្ហាជាច្រើនទៀត ក្នុងក្របខណ្ឌនៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសមិនប្រពៃណី ដែលកំពុងមានការកើនឡើងឥតឈប់ឈរ និងបង្កការគំរាមកំហែងដល់សន្តិសុខផ្ទៃ ក្នុងប្រទេស និងតំបន់»។

ក្នុងស្មារតីនេះ សម្តេចក្រឡាហោម ស ខេង បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ឲ្យកាន់តែសកម្ម និងស៊ីជម្រៅថែមទៀត ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន លើការងារពង្រឹងការអនុវត្តច្បាប់ និងបានសម្តែងនូវក្តីសង្ឃឹមយ៉ាង មុតមាំចំពោះការបន្តគាំទ្រ និងការជួយជ្រោមជ្រែង ពីសំណាក់រដ្ឋមន្ត្រីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែននៃ រដ្ឋសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន ដើម្បីផ្ដល់លទ្ធភាពដល់កម្ពុជាបំពេញតួនាទី ជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ (22nd SOMTC) និងកិច្ចប្រជុំ រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ (16th AMMTC) នៅឆ្នាំ២០២២ ប្រកបដោយ ប្រសិទ្ធភាព និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត នៅក្រោម «សសរស្តម្ភសន្តិសុខនយោបាយ» ដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួម និងបុព្វហេតុនៃសន្តិភាព វិបុលភាពសម្រាប់តំបន់អាស៊ាន ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ