អ្នកអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា សម្ដែងការព្រួយបារម្ភពាក់ព័ន្ធនឹង ជំនឿ នៃការព្រលែងសត្វ
ភ្នំពេញ ៖ លោក Michael Meyerhoff អ្នកអភិរក្សសត្វព្រៃជនជាតិអាល្លឺម៉ង់ និងជានាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ (ACCB) នៅកម្ពុជា បានសម្តែងនូវការព្រួយបារម្ភចំពោះជំនឿនៃការទិញសត្វ ដើម្បីព្រលែង ដោយលោកបានបញ្ជាក់ថា ទង្វើនេះគឺអាចធ្វើឱ្យគ្រោះថ្នាក់កាន់តែខ្លាំងចំពោះសត្វទាំងនោះ រួមទាំងអ្នកព្រលែងខ្លួនឯងផងដែរ។យោងតាមការចេញផ្សាយ ក្រសួងព័ត៌មាន។
ប្រជាជនកម្ពុជា ក៏ដូចជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនាដទៃទៀតដែរ មានជំនឿថា ការលែងសត្វ ដូចជាត្រី អណ្តើក និងបក្សី ជាដើម ។គឺជាទង្វើល្អ ដែលអាចលាងបាប ឬរំដោះគ្រោះ ព្រមទាំងទទួលបានបុណ្យកុសលយ៉ាងធំធេង ប៉ុន្តែទម្លាប់នៃការធ្វើរបៀបនេះគឺពិតណាស់ នឹងជំរុញក្រុមប្រមាញ់ ឬក្រុមជួញដូរសត្វព្រៃ ឱ្យបង្កើនការដាក់អន្ទាក់ និងចាប់សត្វ ដែលកំពុងតែរងការគំរាមកំហែងស្រាប់ទៅហើយនោះ ។
លោកជឿជាក់ថា ប្រជាជនកម្ពុជាជាច្រើននាក់ចង់ជួយសត្វទាំងនោះ ដោយការទិញ ហើយដោះលែងពួកវាទៅក្នុងធម្មជាតិវិញ ប៉ុន្តែពុំបានគិតដល់ គ្រោះថ្នាក់នៃសត្វទាំងនោះ រួមទាំងខ្លួនឯង ដែលអាចប្រឈមនឹងជំងឺផ្សេងៗ ដែលអាចឆ្លងពីសត្វដែលអ្នកទិញបានប៉ះពាល់នោះទេ។
ជាក់ស្តែងដូចជានៅមុខព្រះបរមរាជវាំង នៅវត្តភ្នំ និងនៅសួនទល់មុខព្រះរាជដំណាក់នៅក្នុងក្រុងសៀមរាប ក៏ដូចជាតំបន់រមណីយដ្ឋានផ្សេងៗ នៅពេលមានបុណ្យទានម្តងៗ គឺមានការលក់ដូរសត្វជាច្រើន ជាពិសេសគឺពពួកសត្វស្លាប ដូចជាចាប ត្រចៀកកាំ និងអណ្តើក ហើយមានសត្វមួយចំនួន គឺជាប្រភេទសត្វដែលកំពុងតែរងការគំរាមកំហែង ដែលអាចប្រឈមនឹងការដាច់ពូជ ក៏ដូចជាសត្វដែលត្រូវបានការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ជាដើម។
សត្វទាំងនោះ មួយចំនួនឈឺ រឺស្លាប់រួចទៅហើយ មុនពេលដែលត្រូវបានទិញ និងព្រលែងទៅទៀត ហើយសត្វមួយចំនួនធំទៀតបានស្លាប់បន្ទាប់ពីបានព្រលែង ដោយមូលហេតុមួយចំនួនដូចជា មានរបួស ការឆ្លងជំងឺរវាងសត្វនិងសត្វ ភាពហេវហត់ និងបាក់កម្លាំង ដែលធ្វើឱ្យសត្វទាំងនោះពុំអាចហើរ ឬក៏ហែលបានឆ្ងាយ ហើយភាគច្រើនណាស់ គឺបានស្លាប់ទៅវិញ។
សូមរំលឹកថា ប្រទេសកម្ពុជាគឺប្រទេសមួយដែលមានជីវៈចម្រុះដ៏សំបូរបែបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន រុក្ខជាតិប្រមាណជាង៨.២៦០ប្រភេទ ថនិកសត្វជាង២០០ប្រភេទ សត្វដែលអាចរស់នៅក្នុងទឹក និងលើគោក ព្រមទាំងល្មូនជាង២៥០ប្រភេទ ត្រីជាង៨៧៤ប្រភេទ និងសត្វស្លាបជាង៦០០ប្រភេទ។ ហើយនៅប៉ែកនិរតីនៃប្រទេស គឺតំបន់ជួរភ្នំក្រវាញ ដែលលាតសន្ធឹងប្រមាណ១០.០០០គីឡូម៉ែត្រការ៉េ គឺជាតំបន់អភិរក្សជីវៈចម្រុះដ៏សំបូរបែប ដោយមានសត្វចតុប្បាទធំៗជាច្រើនប្រភេទ ដូចជាដំរី ខ្លាឃ្មុំ ខ្ទីង ជាដើម។ កំពុងរស់នៅ និងតំបន់អភិរក្សមួយចំនួនទៀតនៅក្នុងភូមិភាគឦសាន ក្នុងខេត្តមណ្ឌលគិរី និងរតនគិរី ជាដើម៕EB