អាមេរិក សន្យាជួយកម្ពុជាប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ និងគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២
ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានសន្យានឹងជួយគាំទ្រកម្ពុជា ក្នុងប្រយុទ្ធប្រ ឆាំងកូវីដ-១៩ និងគាំទ្រដល់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ ខាងមុខ។នេះបើ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបពិភាក្សារវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយលោក W. Patrick Murphy នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ភាគីទាំងពីរ បានពិភាក្សាអំពីការងារអាទិភាព ក្នុងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា «សន្យានឹងជួយគាំទ្រកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងសម្តែងការគាំទ្រដល់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២»។
នាឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី ក្នុងអំទ្បុងពេលនៃការប្រឈមនឹងវិបត្តិជំងឺ កូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែមានការកើនឡើង កាលពីឆ្នាំកន្លងទៅ ដែលសហរដ្ឋអាមេរិក គឺជាទីផ្សារធំរបស់កម្ពុជា។ គិតត្រឹមរយៈពេល៧ខែចុងក្រោយនេះ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានចំនួន៤ពាន់លានដុល្លារជាង កើនឡើងជា៣៧% ប្រើប្រៀបធៀបរយៈពេល៧ដូចគ្នា ក្នុងឆ្នាំ២០២០។
ជាងនេះទៅទៀត លោក បានស្វាគមន៍នូវការដាក់ដំណើររោងចក្រដំទ្បើងរថយន្ត Ford នៅខេត្តពោធិសាត់ ដែលអាចផ្តល់ឱកាសជូនប្រជាជនកម្ពុជា និងការផ្ទេរបច្ចេកវិទ្យា ជាដើម។ លោក ក៏បានស្វាគមន៍ចំពោះការបើកការិយាល័យរបស់ ក្រសួងកសិកម្មអាមេរិក (USDA) ប្រចាំកម្ពុជា ដែលអាចលើកកម្ពស់ផលិតភាពវិស័យកសិកម្មកម្ពុជា ហើយតាមរយៈនេះ អាចបង្កើនកិច្ចសហប្រតិបត្តិពាណិជ្ជកម្មទាក់ទងនឹងកសិកម្មរវាងប្រទេសទាំងពីរ ផងដែរ៕EB