រដ្ឋាភិបាលស្វីស បន្តអនុវត្តគម្រោង ប្រើប្រាស់ប្រព័ន្ធព័ត៌មានផ្កាយរណប ជាមូលដ្ឋានធានារ៉ាប់រង លើដំណាំស្រូវកម្ពុជា
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា រដ្ឋាភិបាលស្វីស បានប្ដេជ្ញាបន្តអនុវត្តគម្រោង ប្រើប្រាស់ប្រព័ន្ធព័ត៌មាន ផ្កាយរណបជាមូលដ្ឋាន ដែលធានារ៉ាប់រងលើដំណាំស្រូវ នៅកម្ពុជា។
ក្នុងជំនួបជាមួយលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីស ប្រចាំកម្ពុជានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកវេង សាខុនបានថ្លែងថា រដ្ឋាភិបាលនៃប្រទេសស្វីស បាននិងកំពុងផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរជាមួយកម្ពុជា លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដោយភាគីស្វីសបានបន្តការអនុវត្តគម្រោង ប្រើប្រាស់ប្រព័ន្ធព័ត៌មាន ផ្កាយរណបជាមូលដ្ឋាន និងការធានារ៉ាប់រងដំណាំស្រូវ ក្នុងប្រទេសកម្ពុជា RIICE តាំងពីឆ្នាំ២០១២។
លោកបន្តថា “ដោយទទួលបានលទ្ធផលជាផ្លែផ្កា ភាគីស្វីសបានបន្តការអនុវត្តគម្រោងនេះ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបច្ចុប្បន្ននេះបានឈានដល់ជំហានទី៣ ២០១៩~២០២១ ក្នុងគោលបំណងគ្រប់គ្រង គ្រោះធម្មជាតិដែលប៉ះពាល់ ដល់ផលិតកម្មដំណាំស្រូវ និងស្វែងយល់ព័ត៌មានទិន្នន័យ មួយចំនួនទៀតដូចជាផ្ទៃដីដាំដុះជាក់ស្តែង ពេលវេលាចាប់ផ្តើមរដូវដាំដុះ កម្រិតកំពូលនៃរដូវដាំដុះ ការព្យាករណ៍ទិន្នផលពាក់កណ្តាលរដូវ ការប៉ាន់ស្មានទិន្នផលពេលប្រមូលផល និងការវាយតម្លៃការបាត់បង់ ដោយសារគ្រោះធម្មជាតិ”។
លោករដ្ឋមន្រ្តីបញ្ជាក់ថា បច្ចេកវិទ្យា និងព័ត៌មានទាំងអស់នេះ គឺមានសារៈសំខាន់ណាស់ សម្រាប់មន្ត្រីជំនាញក្នុងការផ្តល់ ទិន្នន័យនិងព័ត៌មានដល់ប្រជាកសិករ ហើយពិតជាស្របតាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម របស់ក្រសួងក្នុងការជំរុញការ អនុវត្តទំនើបកម្មកសិកម្ម យន្តុបនកម្មកសិកម្ម ការធ្វើកសិកម្មដែលធុននឹង ការប្រែប្រួលអាកាសធាតុ ការធ្វើផែនទីកំណត់តំបន់ដាំដុះ ជាពិសេសលើកកម្ពស់ខ្សែ សង្វាក់ផលិតកម្មកសិកម្ម និងតម្លៃបន្ថែម។
ជាមួយគ្នានោះលោកបាន ស្នើដល់ភាគីស្វីសឲ្យ បន្តផ្តល់កិច្ចសហការដល់ ក្រសួងលើការងារខាងលើ និងពិនិត្យលទ្ធភាពពង្រឹង សមត្ថភាពមន្ត្រី និងប្រជាកសិករ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជា:ប្រព័ន្ធស្រោចស្រព ដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះទឹក បង្កដោយការប្រែប្រួលអាកាសធាតុ និងជំរុញការសិក្សា ស្រាវជ្រាវនិងផលិតពូជគ្រឹះ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យនេះ ឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។
ជាការឆ្លើយតបលោក Markus Buerli កំពុងធ្វើការពិភាក្សា ជាមួយដៃគូអភិវឌ្ឍន៍មួយដែល កំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីរៀបចំគម្រោងឧបត្ថម្ភរយៈពេលខ្លី ផ្តោតសំខាន់ទៅលើការ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងប្រព័ន្ធស្រោចស្រពដល់កសិករ៕EB